
ការជន់លិចបណ្តាលមកពីព្យុះទីហ្វុង Doksuriបណ្តាលឲ្យកើតមានបំណាក់ដីនៅតាមតំបន់មួយចំនួនរបស់ចិន ស្របពេលដែលប្រតិបត្តិការជួយសង្រ្គោះ បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ ពេលដែលការព្យាករណ៍ឧតុនិយមជាតិ ព្រមានថា តំបន់ជាច្រើនៅក្នុងរដ្ឋធានីប៉េកាំង អាចនឹងជួបគ្រោះមហន្តរាយព្យុះភ្លៀង នៅក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ។
ក្រុមអ្នកព្យាករណ៍ បានអះអាងថា ទឹកភ្លៀងកម្ពស់ ១០០មីលីម៉ែត្រ ឬច្រើនជាងនេះ នឹងគ្របដណ្តប់លើផ្ទៃដី ២២ម៉ឺនគ.មក្រឡា ពោលគឺនឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ១៣០លាននាក់។
នៅចុងសប្តាហ៍នេះ ទឹកទន្លេតូច-ធំនៅតំបន់ភាគខាងត្បូងទីក្រុងប៉េកាំង តំបន់ភាគកណ្តាល និងតំបន់ភាគខាងលិច ខេត្តហ៊ើប៉ី តំបន់ភាគខាងកើតខេត្តសានហ្ស៊ី និងតំបន់ភាគខាងជើងខេត្តហ៊ើណាន បានហូរប្រៀបច្រាំង លើសកម្រិតព្រមាន ស្របពេលដែលទឹកជំនន់ដ៏គំហក់ និងគ្រោះថ្នាក់ភូមិសាស្រ្ត អាចនឹងកើតឡើងនៅតាមតំបន់ភ្នំ ។
សូមបញ្ជាក់ថា ព្យុះ Doksuri គឺជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុតវាយប្រហារប្រទេសចិនក្នុងឆ្នាំនេះ និងជាព្យុះខ្លាំងបំផុតទី ២ វាយប្រហារខេត្តភាគអាគ្នេយ៍ហ្វ៊ូជាន់ ចាប់តាំងពីឆ្នាំ ២០១៦។
សារព័ត៌មានរដ្ឋ រាយការណ៍ថា ព្យុះ Doksuri បានបង្ខំឲ្យបិទសាលារៀន វិស័យធុរកិច្ច និងការជម្លៀសកម្មករចេញពីតំបន់ផលិតប្រេង និងឧស្ម័នក្នុងឈូងសមុទ្រ ។
យោងតាមសេចក្តីរាយការណ៍ពីរដ្ឋបាលឧតុនិយមចិន(CMA)បានឲ្យដឹងថា ទីក្រុង Xiamen(សៀម៉ិន), Quanzhou(ឈ័នចូវ) និងទីក្រុង Putian(ភូធាន) រកឃើញទឹកភ្លៀងធ្លាក់កម្ពស់ ៥០មីលីម៉ែត្រជារៀងរាល់ម៉ោង។
លោក Zhuang (ជ័ង)គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Xiamenនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មនុស្សពេញមួយទីក្រុង Xiamenពុំបានទៅធ្វើការនោះទេនៅព្រឹកថ្ងៃសុក្រនេះ។
លោកបន្តថា គ្មានរថយន្តធ្វើចរាចរណ៍នៅលើដងផ្លូវ ហើយរោងចក្រ និងផ្សារទំនើប បានបិទទ្វារ ។ មនុស្សខ្លាចរអារខ្លាំង ក្រោយព្យុះទីហ្វុងលើកមុន Meranti៕