
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinបាននិយាយកាលពីថ្ងៃសៅរ៍ថា រុស្ស៊ីពុំបានច្រានចោលរាល់កិច្ចពិភាក្សាស្វែងរកសន្តិភាពជាមួយអ៊ុយក្រែននោះទេ ហើយគំនិតផ្តួចផ្តើមសន្តិភាពរបស់អាហ្រិ្វក ក៏ដូចជាចិន អាចជាមូលដ្ឋានសម្រាប់សន្តិភាព ។
លោកបាននិយាយផងដែរថា វាពិបាកក្នុងការអនុវត្តន៍បទឈប់បាញ់ ពេលដែលកងទ័ពអ៊ុយក្រែននៅតែបន្តវាយបកនោះ ។
លោកនិយាយថា ពួកយើងមិនអាចបញ្ឈប់សង្រ្គាមបានទេ ពេលដែលពួកគេវាយប្រហារមកលើពួកយើង ។ ពេលខ្ញុំនិយាយថា មនុស្សទាំងនេះ ចាប់ផ្តើមគិត ឬចាត់ផ្តើមជជែកពីសន្តិភាព ពួកយើងពុំដែលច្រានចោលម្តងណាឡើយ ។ ដូចអ្នកដឹងស្រាប់ហើយថា ពួកយើងពុំធ្លាប់ដែលច្រានចោលកិច្ចពិភាក្សាស្វែងរកសន្តិភាពម្តងណាឡើយ ។
ពាក់ព័ន្ធនឹងបញ្ហានាំចេញគ្រាប់ធុញ្ញជាតិវិញ លោក Putin បានប្រាប់មេដឹកនាំអាហ្រ្វិកនៅក្នុងកិច្ចប្រជុំកំពូលមួយក្នុងទីក្រុង St Petersburg ថា ទីក្រុងម៉ូស្គូអាចជំនួសការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទៅកាន់ទ្វីបអាហ្រ្វិក ហើយលោកនឹងផ្តល់ជំនួយគ្រាប់ធញ្ញជាតិរាប់ម៉ឺនតោនដល់ប្រទេសចំនួន៦ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្តល់ជំនួយមួយក្តាប់តូចនឹងមិនជួយសម្រួលដល់ផលប៉ះពាល់ខ្លាំងនៃការបញ្ចប់កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅនោះទេ។
ដោយឡែក លោក Carl Skau អនុប្រធានកម្មវិធីស្បៀងអាហារពិភពលោក(WFP) បាននិយាយថា រុស្ស៊ីមិនបានផ្តល់ឲ្យកម្មវិធីស្បៀងអាហារពិភពលោក (WFP) នូវគ្រាប់ធញ្ញជាតោដោយឥតគិតថ្លៃនោះទេ រយៈពេលជិត២សប្តាហ៍បន្ទាប់ពីទីក្រុងមូស្គូបានដកខ្លួនចេញពីកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែននៅសមុទ្រខ្មៅដោយសុវត្ថិភាព។ គ្រាប់ធញ្ញជាតិអ៊ុយក្រែនគឺជាប្រភពជំនួយស្បៀងអាហារចម្បងរបស់អង្គការសហប្រជាជាតិ។
លោក Skau បាននិយាយទៅកាន់អ្នកសារព័ត៌មានថា យើងមិនទាន់បានពិភាក្សាអំពីគ្រាប់ធញ្ញជាតិដោយឥតគិតថ្លៃណាមួយនោះទេរហូតមកដល់ពេលនេះ។ យើងមិនត្រូវបានគេទាក់ទងសម្រាប់ការពិភាក្សាបែបនេះនៅឡើយ៕