
យោងតាមសេចក្តីរាយការណ៍ពីទីភ្នាកងារព័ត៌មានរដ្ឋរុស្ស៊ី TASSបានឲ្យដឹងថា យានដ្រូនអ៊ុយក្រែន បានវាយប្រហារលើទីក្រុងម៉ូស្គូ កាលពីយប់រំលងអាធ្រាត្រឈានចូលដល់ព្រឹកថ្ងៃអាទិត្យ ប៉ុន្តែពុំបណ្តាលឲ្យមានគ្រោះថ្នាក់នោះទេ។
ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ដោយលើកឡើងពីប្រភពទីភ្នាក់ងារពង្រឹងច្បាប់ថា នៅទីបញ្ចប់យានដ្រូន ២គ្រឿង ដែលពាក់ព័ន្ធនឹងការវាយប្រហារនេះ ត្រូវបានបាញ់ទម្លាក់នៅតំបន់ភាគខាងលិចទីក្រុងម៉ូស្គូ។
ដោយឡែក អភិបាលក្រុងម៉ូស្កូ លោក Sergei Sobyaninបាននិយាយនៅលើបណ្តាលព័ត៌មានសង្គម Telegramរបស់លោកថា កាលពីយប់រំលងអាធ្រាត្រកន្លងទៅ មាននូវការវាយប្រហារដោយយានដ្រូនអ៊ុយក្រែន បណ្តាលឲ្យមានការខូចខាតតិចតួចអគារការិយាល័យធុរកិច្ច ២កន្លែង។
ដោយឡែកកាលពីថ្ងៃសុក្រកន្លងទៅ យោធារុស្ស៊ី បាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលអ៊ុយក្រែនមួយគ្រាប់ពីលើទីក្រុងតាហ្គានរោហ្គ ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ហើយបំណែកនៃមីស៊ីល បានធ្វើបណ្តាលឲ្យជនស៊ីវិលរងរបួស និងអគារជាច្រើនត្រូវខូចខាត។
ពុំមានប្រតិកម្មភ្លាមៗពីអ៊ុយក្រែនដែលកម្រមានការអធិប្បាយអំពីការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី ឬលើទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ីណាស់។
លោក Vasily Golubev អភិបាលនៃតំបន់ Rostov របស់រុស្ស៊ី ដែលរួមមានទីក្រុងតាហ្គានរ៉ុក និងនៅជិតអ៊ុយក្រែន បាននិយាយថា ហាងកាហ្វេមួយ ត្រូវបានវាយប្រហាររួមជាមួយសារមន្ទីរ ហើយបង្អួចនៃអគារលំនៅមួយ ត្រូវរបើកទាំងអស់។