
អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានបាញ់បង្ហោះផ្កាយរណបចំនួន ៧គ្រឿង រួមមានផ្កាយរណបបឋមឬសាកល្បងឈ្មោះ DS-SAR មួយគ្រឿង និងផ្កាយរណបរួមរបស់សិង្ហបុរីចំនួន ៦គ្រឿងដោយជោគជ័យ ពីកំពង់ផែអវកាសរបស់ខ្លួននៃទីក្រុង Sriharikota នៅថ្ងៃអាទិត្យ (៣០ កក្កដា)នេះ។
ការហោះហើរដែលមានឈ្មោះថា PSLV-C56 នេះ គឺជាបេសកម្មសរុបលើកទី៥៨ និងជាការហោះហើរលើកទី១៧ ដោយប្រើការកំណត់រចនាសម្ព័ន្ធឈ្មោះថា Core Alone។
ផ្កាយរណបបឋមឈ្មោះ DS-SAR ដែលជាផ្កាយរណបអង្កេតផែនដីដោយរ៉ាដា គឺជាផ្កាយរណបសាកល្បងសម្រាប់បេសកកម្មនោះ។ បន្ថែមពីលើនេះ មានផ្កាយរណបអតិថិជនរួមចំនួន៦គ្រឿង ដែលជាកម្មសិទ្ធិរបស់ប្រទេសសិង្ហបុរី។
ផ្កាយរណបសិង្ហបុរីរួមមាន ផ្កាយរណបណាណូចំនួន៣គ្រឿង ផ្កាយរណបខ្នាតតូច១គ្រឿង ផ្កាយរណបពិសោធន៍១គ្រឿង និងផ្កាយរណបដែលត្រូវបានបង្កើតឡើងក្រោមកិច្ចសហការអន្តរជាតិផងដែរ។
ប្រទេសឥណ្ឌាបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញ ជាអ្នកបង្កើតផ្កាយរណបថតផែនដី និងសមត្ថភាពក្នុងការបាញ់បង្ហោះពួកវាទៅក្នុងគន្លងទាប ដោយចំណាយថវិកាតិចជាងបេសកកម្មអវកាសរបស់ទីភ្នាក់ងារអវកាសលោកខាងលិច៕