
ក្រុមសមាជិកសភា ព្រមទាំងក្រុមពលរដ្ឋនៃគណបក្សប្រឆាំងរបស់កូរ៉េខាងត្បូង និងជប៉ុនបានសម្តែងជំហរប្រឆាំងរបស់ពួកគេ ចំពោះផែនការរបស់ប្រទេសជប៉ុនក្នុងការបង្ហូរសំណល់ទឹកកខ្វក់នុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ិឈិ ដែលបានខូចខាត ចូលទៅក្នុងសមុទ្រ។
ទោះបីជាមានការព្រួយបារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណជនក៏ដោយ ក៏រដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) នៅតែប្តេជ្ញាបន្តដំណើរការការបង្ហូរទឹកចេញនៅក្នុងខែសីហាខាងមុខនេះដែរ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំមួយដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍នៅទីក្រុងអ៊ីវ៉ាគី (Iwaki) ប្រទេសជប៉ុន ក្រុមអ្នកចូលរួមបានយល់ព្រមចាត់វិធានការគ្រប់បែបយ៉ាងដើម្បីប្រឆាំងនឹងផែនការបង្ហូរសំណល់ទឹកកខ្វក់នេះ។
ក្រុមអ្នកចូលរួមជនជាតិជប៉ុនក៏បាននិយាយដែរថា ពួកគេនឹងចាត់ចែងបង្ហាញការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះផែនការបង្ហូរទឹកនេះទៅកាន់រដ្ឋាភិបាលផងដែរ។
នៅចុងបញ្ចប់នៃអង្គប្រជុំ ក្រុមអ្នកចូលរួមទាំងអស់បានក្រោកឈរឡើង និងសូត្រពាក្យស្លោក លើកទឹកចិត្តគ្នាទៅវិញទៅមក ក្នុងការរួមគ្នាបញ្ឈប់ការបង្ហូរទឹកកខ្វក់ទៅក្នុងសមុទ្រមួយនេះ៕