
រលកកម្ដៅជុំវិញពិភពលោកនាពេលថ្មីៗនេះ និងសីតុណ្ហភាពខ្ពស់ដែលមិនធ្លាប់មានពីមុនមក បានកាត់បន្ថយភ្ញៀវទេសចរនៅរមណីយដ្ឋានសមុទ្រខ្មោច (Dead Sea) ដ៏ល្បីល្បាញរបស់ប្រទេសហ្ស៊កដានីរហូតដល់ ២០ភាគរយ នេះបើយោងតាមសមាគមសណ្ឋាគាររបស់ហ្ស៊កដានី។
អគ្គនាយករងសមាគមសណ្ឋាគារលោក Hussein Hlalat បាននិយាយថា ការកក់សណ្ឋាគារបានធ្លាក់ចុះពីការរំពឹងទុកចំនួន ៧៥ភាគរយមកត្រឹម ៥៥ភាគរយនៅក្នុងតំបន់មួយចំនួនដោយសារតែបញ្ហារលកកម្ដៅ។
នាយកសន្តិសុខនៅសណ្ឋាគារ Dead Sea's Marriott លោក Mahmoud Al Qabani បានលើកឡើងថា សីតុណ្ហភាពខ្ពស់បានធ្វើឱ្យអ្នកទេសចរណ៍ស្ទាក់ស្ទើរក្នុងការទៅកម្សាន្ត ដោយខ្លាចការរលាកស្បែកដោយសារកម្ដៅព្រះអាទិត្យ ឬជួបបញ្ហាសុរិយរោគ។
សីតុណ្ហភាពត្រូវបានគេព្យាករណ៍ថានឹងស្ថិតនៅចន្លោះពី ៤១អង្សាសេ ទៅ ៤៣អង្សាសេ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះនៅឯសមុទ្រខ្មោច (Dead Sea) ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រនេះ។
លោក Hlalat បាននិយាយថា ការកក់ទុកត្រូវបានគេរំពឹងថានឹងវិលត្រលប់ទៅចំនួនធម្មតាវិញនៅចន្លោះខែកញ្ញាដល់ខែវិច្ឆិកា ដោយរំពឹងថានឹងឈានដល់ជាង ៨០ភាគរយ។
ថ្មីៗនេះ សីតុណ្ហភាពពិភពលោកបានកើនឡើងដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ និងបង្កជាចំហេះព្រៃជាច្រើន ខណៈភ្លៀងធ្លាក់យ៉ាងខ្លាំងបានវាយប្រហារទីក្រុងនានាជុំវិញពិភពលោកផងដែរ៕