ពលរដ្ឋប៉ាឡេស្ទីន រាប់រយនាក់ បានមកប្រមូលផ្តុំគ្នានៅក្នុងតំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យ ដោយអំពាវនាវសុំឲ្យបញ្ចប់ការបែកបាក់ផ្ទៃក្នុងនៅប៉ាឡេស្ទីនរយៈពេល១៦ឆ្នាំមកនេះ និងវិបត្តិអំណាចរយៈពេលយូរ នៅក្នុងតំបន់។

នៅក្នុងទីក្រុងគែរ មានកិច្ចប្រជុំមួយរវាងភាគីប៉ាឡេស្ទីនដឹកនាំដោយប្រធានាធិបតី លោក Mahmoud Abbas និងបានចូលរួមដោយលោក Ismail Haniyeh( អ៊ីស្មាអ៊ីល ហានីយេ) មេដឹកនាំក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីនហាម៉ាស់ និងភាគីផ្សេងៗទៀត ដែលបានបញ្ចប់ទៅដោយគ្មានអត្ថន័យប្រាកដប្រជា។
លោក Abbas និងលោក Haniyeh ពុំអាចជួសជុលការបែកបាក់គ្នា ចាប់តាំងពីឆ្នាំ២០០៧ នៅពេលក្រុមហាម៉ាស់ ដែលបានប្រឆាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេសអ៊ីស្រាអែលបានដណ្តើមគ្រប់គ្រងតំបន់ហ្គាហ្សា។
អាជ្ញាធរប៉ាឡេស្ទីនដែលគាំទ្រដោយប្រទេសលោកខាងលិច របស់លោកប្រធានាធិបតី Abbas នៅតែមានអំណាចលេចធ្លោនៅក្នុងតំបន់West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។

