សត្វក្រៀលជាប្រភេទបក្សីដែលមានទំងន់ធ្ងន់ និងខ្ពស់ជាងគេហើយអាចហើរបានក្នុងរយៈចម្ងាយឆ្ងាយ ដែលបច្ចុប្បន្នកំពុងតែទទួលរងការគម្រាមកំហែងឈានទៅជិតផុតពូជអាស្រ័យដោយចំនួនប្រជាសាស្រ្តមានការថយចុះ។ តាមទិន្នន័យជំរឿនចំនួនកត់ត្រាបានខ្ពស់បំផុតនៅកម្ពុជា និងវៀតណាមមាន ៨៧៨ក្បាល ក្នុង២០០២ ធ្លាក់មកដល់ ១៥៦ក្បាលក្នុងឆ្នាំ២០២២។
ក្រសួងបរិស្ថាន បានសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC), អង្គការសមាគមអភិរក្សសត្វព្រៃ (WCS), អង្គការមូលនិធិសត្វក្រៀល (ICF) បានធ្វើជំរឿនសត្វក្រៀលនៅប្រទេសកម្ពុជាឆ្នាំ២០២៣នៅតាមទីតាំងសំខាន់ៗក្នុងប្រទេសកម្ពុជា និងវៀតណាមដូចជាតំបន់ដីសណ្តរទន្លេមេគង្គ តំបន់ជុំវិញបឹងទន្លេសាប និងតំបន់ព្រៃរបោះខ្ពង់រាបភាគខាងជើង និងឥសាន្ត។កាលបរិច្ឆេទ នៃការធ្វើជំរឿងសត្វក្រៀលនៅប្រទេសកម្ពុជា គឺធ្វើឡើងនៅខែធ្នូ មករា កុម្ភៈ មីនា មេសា និងខែឧសភា។ លទ្ធផលជំរឿនចុងក្រោយនេះកត់ត្រាបានក្រៀលចំនួនខ្ពស់បំផុតក្នុងខែកុម្ភៈគឺ១៨០ក្បាល តួលេខថ្មីនេះបង្ហាញសញ្ញាវិជ្ជមានបើប្រៀបធៀបទៅ និងលទ្ធផលឆ្នាំ២០២២ដែលរាប់បានតែ១៥៦ក្បាល និងឆ្នាំ២០២១រាប់បានតែ១៦១ក្បាល។ សត្វក្រៀល២ក្បាលបានកត់ត្រាបានក្នុងប្រទេសវៀតណាមក្នុងកំឡុងពេលជំរឿននេះ។
សំបុករបស់សត្វក្រៀលដែលជាសត្វកំពុងរងការគំរាមកំហែងជាសាកលមួយសំបុករួមទាំងសត្វក្រៀលពេញវ័យមួយគូ ត្រូវបាន់រគេប្រទះឃើញរស់នៅក្នុងទីជម្រកវាលទំនាបនៃតំបន់ទន្លេមេគង្គ ក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ។ នេះជារបកគំហើញថ្មីបំផុតផ្អែកតាមសេចក្តីរាយការណ៍ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ពីក្រុមអ្នកវិទ្យាសាស្ត្ររបស់មន្ទីរបរិស្ថានខេត្តក្រចេះ នៃក្រសួងបរិស្ថាន និងអង្គការ WWF កម្ពុជា។ កាលពីម្សិលមិញ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់អំពីវត្តមានរបស់សត្វក្រៀលមួយសំបុកនេះនៅក្នុងតំបន់នៃដែនជម្រក បន្ទាប់ពីពួកគេបានទទួលព័ត៌មានអំពីវត្តមានសត្វនេះពីប្រជាជនសហគមន៍ហើយបានចុះពិនិត្យ និងបានកត់ត្រាដល់ទីតាំងក្នុងតំបន់ទីជម្រកនោះ។
ដោយក្តីរំភើបចិត្តជាខ្លាំង លោក អៀម សំអ៊ន់ ប្រធានកម្មវិធីស្រាវជ្រាវសត្វព្រៃរបស់អង្គការ WWF បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរកឃើញនេះ ដោយបានបញ្ជាក់ថាវាគឺជាកំណត់ត្រាវិទ្យាសាស្ត្រដំបូងបង្អស់នៃសំបុកសត្វក្រៀលរួមជាមួយនឹងសត្វពេញវ័យបន្តពូជមួយគូផងដែរនៅក្នុងតំបន់ព្រៃលិចទឹកទន្លេមេគង្គសម្រាប់រយៈពេល២០ឆ្នាំកន្លងមកនេះ។ លោកបាននិយាយទៀតថា៖ របកគំហើញដ៏អស្ចារ្យនេះពិតជាជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងអភិរក្សបន្ថែមទៀតការពារក្នុងតំបន់ទីជម្រកពីសំណាក់ដៃគូរដ្ឋាភិបាលរបស់យើង សហគមន៍ អង្គការ WWF និងភាគីពាក់ព័ន្ធផ្សេងទៀត។ សត្វក្រៀលគឺជាសត្វស្លាបមានមាឌធំមួយប្រភេទដែលអាចធ្វើចរាចររយៈចម្ងាយឆ្ងាយ ហើយត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វងាយរងគ្រោះក្នុងបញ្ជីក្រហម IUCN។ ក្នុងខែកក្កដា ឆ្នាំ២០២៣ នេះដែរ ក្រុមអ្នកស្រាវជ្រាវក៏បានកត់ត្រាទុកនូវសត្វក្រៀល ចំនួន ៤ ក្បាលផ្សេងទៀត ដែលកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ដែលជាតំបន់ការពារធម្មជាតិមួយទៀតស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងគាំទ្រដោយអង្គការ WWF ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា« វាជាដំណឹងដ៏រីករាយដែលលទ្ធផលជំរឿនឆ្នាំ២០២៣បង្ហាញពីសញ្ញាវិជ្ជមានព្រោះថា ទិន្នន័យជំរឿនសត្វក្រៀលក្នុងរយៈពេល ១០ឆ្នាំចុងក្រោយបានបង្ហាញនិន្នាការថយចុះរហូត។ ក្រសួងបរិស្ថានសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ដែលលទ្ធផលពេលនេះបានបង្ហាញពីប្រសិទ្ធភាព នៃការអនុវត្តផែនការសកម្មភាពនានារបស់ក្រសួងបរិស្ថាន និងអង្គការដៃគូ និងបង្ហាញពីភាពប្រសើរឡើងនៃការអភិរក្សធនធានធម្មជាតិនៅកម្ពុជា ការយល់ដឹងរបស់ប្រជាពលរដ្ឋ ការផ្លាស់ប្តូរឥរិយាបថសាធារណជនចំពោះសត្វព្រៃ។ ចំពោះសត្វក្រៀលនេះ ក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់ជាក់ស្តែងនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានចេញសេចក្តីសំរេចបង្កើតក្រុមការងារអភិរក្សក្រៀលដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដើម្បីផ្តល់ជម្រកសុវត្ថិភាពដល់សត្វនេះតាមរយៈការអនុវត្តច្បាប់ ការស្រាវជ្រាវ ការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន និងការអបរ់ផ្សព្វផ្សាយ»៕