របាយការណ៍មួយកាលពីចុងសប្ដាហ៍ដោយសារព័ត៌មាន Financial Times របស់ចក្រភពអង់គ្លេស និយាយពីស្ថានភាពនៅទីតាំងមួយជិតទីក្រុងបាកមូដ (Bakhmut) ដែលត្រូវបានបំផ្លិចបំផ្លាញនៅភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។

ទាហានអ៊ុយក្រែន ដែលកំពុងធ្វើប្រតិបត្តិការដោយប្រើប្រព័ន្ធបាញ់គ្រាប់រ៉ូកែត សម័យសហភាពសូវៀត ត្រូវគេមើលឃើញកំពុងប្រើគ្រាប់រ៉ូកែតពីកូរ៉េខាងជើង។
សារព័ត៌មាននេះ បន្ថែមថា ទាហាននិយាយថា អាវុធទាំងនោះ ត្រូវបានរឹបអូសដោយប្រទេសជាសម្ព័ន្ធមិត្តមួយហើយក្រោយមកបានបញ្ជូនឲ្យទៅអ៊ុយក្រែន។

យោងតាមរបាយការណ៍នេះ ក្រសួងការពារជាតិអ៊ុយក្រែន បានលើកឡើងថា អាវុធទាំងនោះត្រូវបានដណ្ដើមពីទាហានរុស្ស៊ី។
សហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសកូរ៉េខាងជើងពីបទផ្ដល់អាវុធឲ្យទៅរុស្ស៊ី ។ប៉ុន្តែពុំមានភស្តុតាងបញ្ជាក់ទេ។
ហើយអាវុធរបស់កូរ៉េខាងជើង ពុំត្រូវបានតាមឃ្លាំមើលដោយទូលំទូលាយនៅលើសមរភូមិរបស់អ៊ុយក្រែនទេ។
កូរ៉េខាងជើង និងរុស្ស៊ីសុទ្ធតែបានច្រានចោលការចោទប្រកាន់ពីការផ្ដល់អាវុធនេះ ។
របាយការណ៍របស់សារព័ត៌មាននេះ បានចេញផ្សាយប៉ុន្មានថ្ងៃ ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានបំពេញទស្សនកិច្ចដ៏កម្រទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីចូលរួមប្រារព្ធខួបទី៧០ នៃការបញ្ចប់សង្រ្គាមកូរ៉េ ៕