ក្រុមកីឡានគរបាលជាតិកម្ពុជា ដណ្ដើមបានមេដាយសរុប ១៨គ្រឿងហើយ ក្រោយដំណើរការប្រកួតបាន ២ថ្ងៃ ក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នាទីក្រុង Winnipeg ប្រទេសកាណាដា កាលពីចុងសប្ដាហ៍កន្លងទៅ ខណៈក្រុមបាល់ទះក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយមាស ក្រោយយកឈ្នះគូប្រជែង ៨ប្រកួតជាប់ៗគ្នា ។
សម្រាប់ការចូលរួមលើកដំបូងក្នុងព្រឹត្តិការណ៍កីឡានគរបាលពិភពលោកនេះ ក្រុមបាល់ទះក្រសួងមហាផ្ទៃ ដែលតំណាងក្រុមកីឡានគរបាលជាតិកម្ពុជា ធ្វើបានយ៉ាងល្អ ដោយវគ្គជម្រុះ បានយកឈ្នះក្រុមម្ចាស់ផ្ទះ Thunder ២-០សិត, ឈ្នះក្រុម NYPD Finest ២-០សិត, ឈ្នះក្រុម United Volleyball USA របស់អាមេរិក ២-០សិត, ឈ្នះក្រុម Winnipeg Golden Boys របស់កាណដា ២-០សិត, ឈ្នះក្រុម CBMDF ២-០សិត និងបន្ដឈ្នះក្រុមកាណាដា Team BC ២-០សិត ។
ជ័យជម្នះ ៦ប្រកួតផ្ទួនៗនេះ នាំឲ្យក្រុមបាល់ទះក្រសួងមហាផ្ទៃ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយបន្ដយកឈ្នះក្រុម PMFC របស់ប្រេស៊ីល ដោយលទ្ធផល ២-០សិត ដើម្បីកក់កៅអីវគ្គផ្ដាច់ព្រ័ត្រ ដោយជួបក្រុម CBMDF ជាថ្មី ខណៈក្រុមបាល់ទះក្រសួងមហាផ្ទៃ នៅតែរក្សាកំណត់ត្រាដ៏ល្អរបស់ខ្លួន ដោយបន្ដយកឈ្នះក្រុមប្រេស៊ីលនេះ ក្នុងលទ្ធផល ៣-០សិត ដើម្បីគ្រងមេដាយមាសលើវិញ្ញាសាបាល់ទះបុរសក្នុងសាលតែម្ដង ។
ក្រឡេកទៅកីឡា ៣ប្រភេទៀត ដែលក្រុមកីឡានគរបាលជាតិកម្ពុជា ដណ្ដើមបានមេដាយ គឺកីឡាចំបាប់ វាយកូនឃ្លីលើតុ និងកីឡាហែលទឹក ដែលដណ្ដើមបានមេដាយសរុប ១៧គ្រឿង ក្នុងនោះកីឡាចំបាប់ ដណ្ដើមបានមេដាយមាស ៣ និងប្រាក់ ៤, កីឡាវាយកូនឃ្លីលើតុ ដណ្ដើមបានមេដាយមាស ២ និងប្រាក់ ៣ និងកីឡាហែលទឹក ឈ្នះមេដាយមាស ៣ និងប្រាក់ ២។ សរុបលទ្ធផលបណ្ដោះអាសន្ន ក្រោយដំណើរការប្រកួតបាន ២ថ្ងៃ គឺកម្ពុជាឈ្នះមេដាយចំនួន ១៨គ្រឿង (មាស ៩ និងប្រាក់ ៩គ្រឿង) ។
គួរដឹងថា ព្រឹត្តិការណ៍ The 20th World Police and Fire Games 2023 នៅកាណាដា ចាប់ប្រកួតពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ដោយមានអត្តពលិកជានគរបាលជាង ៧០ប្រទេសចូលរួម ក្នុងនោះក៏មានក្រុមកីឡានគរបាលជាតិចំនួន ១៣ប្រភេទកីឡាចូលរួមដែរ ៕ អត្ថបទ លីឈុនឡា












