បទបញ្ជាឲ្យជម្លៀសចេញ សម្រាប់ទីក្រុង Osoyoos របស់ប្រទេសកាណាដា និងតំបន់ជុំវិញរបស់ប្រទេសនេះ ក្នុងខេត្ត British Columbia ត្រូវបានដាក់ចេញកាលពីយប់ថ្ងៃសៅរ៍ (ទី២៩ ខែកក្កដា) ដោយសារចំហេះព្រៃ ដែលមិនអាចគ្រប់គ្រងបាន ដែលបានឆេះរាលដាលឆ្លងព្រំដែនពីរដ្ឋវ៉ាស៊ីនតោន (Washington) របស់សហរដ្ឋអាមេរិក។

យោងតាមសេវាចំហេះព្រៃរបស់ខេត្ត British Columbia បានឲ្យដឹងថា ចំហេះព្រៃដែលមានឈ្មោះថា Eagle Bluff មានចម្ងាយប្រហែល ៤គីឡូម៉ែត្រពីទីក្រុង Osoyoos ហើយពេលនេះ ត្រូវបានគេប៉ាន់ប្រមាណថា ការឆេះនោះមានទំហំ ៨៨៥ហិកតា នៅផ្នែកខាងដីក្នុងព្រំដែនរបស់ប្រទេសកាណាដា ខណៈវាមានទំហំប្រហែល ២.០០០ហិកតា នៅផ្នែកខាងដីរបស់សហរដ្ឋអាមេរិក។
យោងតាមគេហទំព័រអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ទីក្រុង Osoyoos បានឲ្យដឹងថា ទីក្រុង Osoyoos នេះ មានប្រជាជនក្នុងតំបន់ប្រហែល ៦.៧០០នាក់។
សេវាចំហេះព្រៃរបស់ខេត្ត British Columbia បានឲ្យដឹងកាលពីថ្ងៃអាទិត្យ (ទី៣១ ខែកក្កដា) ថា៖ «យើងមានបុគ្គលិកនាវិកទប់ទល់ការវាយប្រហារដំបូង ប្រភពអង្គភាពមួយចំនួន ឧទ្ធម្ភាគចក្រ ២គ្រឿង បុគ្គលិកការពាររចនាសម្ព័ន្ធ និងឧបករណ៍ធុនធ្ងន់ ដែលឆ្លើយតបទៅនឹងហេតុការណ៍នេះ»។
បទបញ្ជាជម្លៀសនេះ គ្របដណ្ដប់លើតំបន់ខាងជើងនៃព្រំដែនកាណាដា-សហរដ្ឋអាមេរិក ដល់ចំណុចប្រសព្វនៃផ្លូវហាយវេលេខ៩៧ និងផ្លូវហាយវេលេខ ៣ ក៏ដូចជាខាងលិច និងខាងជើងតាមបណ្តោយផ្លូវហាយវេលេខ ៣ ផងដែរ៕

