ការធ្វើបច្ចុប្បន្នភាពបុរាណដ្ឋានទូទាំងប្រទេស និងការចុះផ្ទៀងផ្ទាត់បុរាណដ្ឋាន រយៈពេល៥ឆ្នាំ (២០១៧-២០២២) និងគិតមកដល់ថ្ងៃនេះ ទាំង២៥រាជធានី-ខេត្ត បានចំនួន១០៦៣៤បុរាណដ្ឋាន។
នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញថា ការធ្វើបច្ចុប្បន្នភាពបុរាណដ្ឋាន នៅទូទាំងប្រទេស បានចំនួន១០៦៣៤បុរាណដ្ឋាន ក្នុងនោះប្រាសាទ និងគ្រឹះប្រាសាទ ចំនួន៣០០៦ស្ថានីយ, ទួលមនុស្សរស់នៅ ចំនួន៤៩៥៩ស្ថានីយ, ទួលកប់សព ចំនួន៦៦៨ស្ថានីយ និងប្រព័ន្ធធារាសាស្រ្ត ចំនួន២០០១ស្ថានីយ។ ការគ្រប់គ្រងទួល ១០៦៣៤ស្ថានីយ ក្នុងនោះស្ថានីយទទួលស្គាល់ ចំនួន៤៨៣៤ស្ថានីយ, មិនទាន់ទទួលស្គាល់ ចំនួន៥៨០០ស្ថានីយ, ស្ថានីយបោះបង្គោលរួច ចំនួន២៨៨ស្ថានីយ, មិនទាន់បោះបង្គោល ១០៣៤៦ស្ថានីយ និងស្ថានីយរកឃើញថ្មី ចំនួន១០៧៣ស្ថានីយ។
ដោយឡែកកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ លោក ធឹម សំអុល អនុប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្តាល សហការជាមួយលោកអនុប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយអាជ្ញាធរដែនដីពាក់ព័ន្ធក្នុងស្រុកមុខកំពូល បានចុះពិនិត្យស្ថានភាពជាក់ស្តែងស្ថានីយបុរាណ ដែលស្ថិតក្នុងឃុំសំបួរមាស ដោយរកឃើញនូវសមុច្ច័យបុរាណវិទ្យាមួយចំនួននៅលើទីតាំងនោះផងដែរ។ និយាយជារួមមកដល់សព្វថ្ងៃនេះ ខេត្តកណ្តាល មានស្ថានីយសរុប ចំនួន៦៤៥ស្ថានីយបុរាណ ប្រាសាទ និងគ្រឹះប្រាសាទ មានចំនួន២៤៦ស្ថានីយ, ទួលកប់សព ចំនួន៣១ស្ថានីយ, ទួលមនុស្សរស់នៅ ចំនួន៣៦៤ស្ថានីយ, និងប្រព័ន្ធធារាស្រ្ត ចំនួន៤ស្ថានីយ។ ក្នុងនោះស្ថានីយចុះបញ្ជីធ្វើសាលកបត្រ ទទួលស្គាល់ ចំនួន១៩៩ស្ថានីយ, មិនទាន់ទទួលស្គាល់ ចំនួន៤៤៦ស្ថានីយ និងស្ថានីយបោះបង្គោលរួច ចំនួន៥៥ស្ថានីយ, មិនទាន់បោះបង្គោល៤៩៤ស្ថានីយ។
បើតាមឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជម្រាបជូនថា តាំងពីឆ្នាំ២០០៧ ដែលបានបង្កើតនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យារួចមក នាយកដ្ឋានបានធ្វើប្រតិបតិ្តការដោយផ្ទាល់ខ្លួនឯង និងធ្វើការសហប្រតិបតិ្តការជាមួយដៃគូរជាតិ និងដៃគូរអន្តរជាតិមួយចំនួនធំ ក្នុងនោះមានការចូលរួមពីបណ្តាល៩ប្រទេស ស្មើនឹង២១ស្ថាប័នស្រាវជ្រាវ។ ការគ្រប់គ្រង និងការស្រាវជ្រាវទាំងនេះផ្តោតលើ សម័យបុរេប្រវតិ្តសាស្រ្ត និងសម័យប្រវតិ្តសាស្រ្ត រហូតដល់សម័យមុន-ក្រោយអង្គរ៕ អត្ថបទ៖ រដ្ឋា




