
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបាន លើកឡើងថា ស្ថិរភាពនៃប្រព័ន្ធធនាគារបានដើរ តួនាទីយ៉ាងសកម្ម ក្នុងការលើកស្ទួយសកម្មភាពសេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុ ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជា កំពុងទទួលរងឥទ្ធិពលពីការថមថយ នៃសកម្មភាពសេដ្ឋកិច្ចពិភពលោក។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងលើកឡើងបែបនេះ នៅក្នុងការបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំ ឆមាសទី ១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ នាថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០២៣ ។
ឯកឧត្តម លើកឡើងថា បើទោះបីជាលក្ខខណ្ឌហិរញ្ញវត្ថុសកល កំពុងស្ថិតក្នុងស្ថានភាពរឹតត្បិត ហើយធនាគារនៅសហរដ្ឋអាមេរិកចំនួន ៣ បានដួលរលំកាលពីដើមឆ្នាំ ២០២៣ ដែលបានបង្កការព្រួយ បារម្ភនៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ក៏ប្រព័ន្ធធនាគារកម្ពុជានៅតែរក្សាបានភាពធន់និងរឹងមាំ។
ទន្ទឹមនេះ ការរក្សាស្ថិរភាពថ្លៃនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់ ធនាគារជាតិនៃកម្ពុជា ត្រូវបាន អនុវត្តប្រកបដោយភាពបត់បែន និងប្រុងប្រយ័ត្នខ្ពស់។ សន្ទនីយភាពត្រូវបានបញេ្ចញទៅក្នុងទីផ្សារ និងស្រូបយកមកវិញ តាមរយៈឧបករណ៍នយោបាយរូបិយវត្ថុនានា ផ្អែកលើការប្រែប្រួលនៃតម្រូវការជាក់ស្តែង ក្នុងគោលដៅធានាឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានសន្ទនីយភាពគ្រប់គ្រាន់ សម្រាប់ផ្តល់ឥណទានក្នុងអត្រាការប្រាក់មួយសមរម្យ និងបញ្ចៀសសម្ពាធទៅលើអត្រាប្តូរប្រាក់ផងដែរ។
ទន្ទឹមនេះ ក្នុងស្ថានភាពដែលតម្លៃប្រាក់ដុល្លារអាមេរិក នៅលើទីផ្សារអន្តរជាតិមាននិន្នាការកើនឡើង ប្រាក់រៀលត្រូវបានរក្សា ឱ្យមានស្ថិរភាពក្នុងកម្រិតជាមធ្យម ៤.០៩៤ រៀលក្នុង ១ ដុល្លារអាមេរិក ប្រហាក់ប្រហែលនឹងគ្រាដូចគ្នាឆ្នាំមុន សំដៅការពារអំណាចទិញ របស់ប្រាក់រៀល ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ។
ជាមួយគ្នានេះ ការពង្រឹងការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ នៅតែជាការងារចាំបាច់ ដើម្បីកាត់បន្ថយឥទ្ធិពលពីកត្តាខាងក្រៅ មកលើកម្រិតថ្លៃនៅកម្ពុជា និងពង្រឹងប្រសិទ្ធភាពនយោបាយរូបិយវត្ថុ ក្នុងការគ្រប់ គ្រងស្ថិរភាពថ្លៃ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព ។ ការប្រើប្រាស់ប្រាក់រៀលក្នុងសេដ្ឋកិច្ចច្រើន ក៏អាចជួយគរពូនទុនបម្រុងអន្តរជាតិ ឱ្យកាន់តែខ្ពស់ជាងកម្រិតបច្ចុប្បន្នថែមទៀត ដែលនឹងពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិន និងសាធារណជន មកលើស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្ពុជាឱ្យកាន់តែរឹងមាំ៕ អត្ថបទ៖ សុន រ៉ាឌី