ស៊ូដង់៖ អាកាសយានដ្ឋានអន្តរជាតិ Khartoum នៅថ្ងៃចន្ទ (ទី៣១ ខែកក្កដា) នេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលស៊ូដង់ បានបន្ថែមរយៈពេលនៃការបិទផ្លូវអាកាសរបស់ប្រទេសស៊ូដង់ រហូតដល់ថ្ងៃទី១៥ ខែសីហា ដោយលើកលែងតែជំនួយមនុស្សធម៌ និងការហោះហើរជម្លៀសប៉ុណ្ណោះ។
ផ្លូវអាកាសរបស់ប្រទេសស៊ូដង់ ត្រូវបានបិទចាប់តាំងពីការផ្ទុះឡើងនៃការប៉ះទង្គិចគ្នា នៅពាក់កណ្តាលខែមេសា ដោយសារប្រព័ន្ធបង្ហាញទិសផ្លូវអាកាស នៅអាកាសយានដ្ឋាន ត្រូវបានប៉ះពាល់ដោយជម្លោះ រវាងក្រុមពួក ដែលមានសង្រ្គាមជាមួយគ្នា។
យោងតាមតួលេខដែលចេញផ្សាយដោយក្រសួងសុខាភិបាលស៊ូដង់ បានឲ្យដឹងថា ជម្លោះប្រដាប់អាវុធ ដែលបានផ្ទុះឡើង កាលពីថ្ងៃទី១៥ ខែមេសា រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា បានបណ្តាលឲ្យមនុស្សស្លាប់ជាង ៣.០០០នាក់ និងជាង ៦.០០០នាក់ រងរបួស៕


