ភ្នំពេញ៖ បណ្តាពលរដ្ឋមួយចំនួន នៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល បានបង្ហាញការគាំទ្រ និងមានការទន្ទឹងរងចាំមើលដំណើរការតែងតាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣នេះ សម្រាប់អណត្តិទី៧ នៃរដ្ឋសភាជាតិ។
ពលរដ្ឋថ្លែងប្រាប់BTV នៅថ្ងៃទី៣១ ខែកក្កដានេះ ថ្លែងថា យើងមានសប្បាយរីករាយខ្លាំង ខណៈ នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា បានប្រកាសគាំទ្រ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់អណត្តិទី៧នេះ ឃើញថា ប្រទេសជាតិមានស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ និងមានសភាពស្ងប់ស្ងាត់ល្អប្រសើរ ពលរដ្ឋចេញប្រកបរបរ និងមានភ្ញៀវទេសចរជាតិ អន្តរជាតិអញ្ជើញដើរទស្សនាកម្សាន្តជាធម្មតា ហើយយើងក៏មានការទន្ទឹងរង់ចាំខ្លាំងណាស់ដែរ ចង់មើលទិដ្ឋភាពប្រវត្តិសាស្ត្រថ្មី ការតែងតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងសមាសភាព គណៈរដ្ឋមន្ត្រីថ្មីផងដែរ។
សូមបញ្ជាក់ថា នៅក្នុងដំណើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ មានពលរដ្ឋអញ្ជើញទៅបោះឆ្នោតមានប្រមាណជាង ៨លាន២សែននាក់ ដែលស្មើនឹង ៨៤.៥៨% នៃចំនួនពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបប្រមាណជាង ៩លាន៧សែននាក់ ហើយក៏ជាតួលេខខ្ពស់បំផុត ជាងបណ្តាការបោះឆ្នោតនៅក្នុងឆ្នាំអាណត្តិនានាកន្លងមកដែរ៕អត្ថបទ ស៊ុម សុខជា