ចិន៖ រដ្ឋធានីប៉េកាំងរបស់ប្រទេសចិន បានជួបប្រទះនូវការធ្លាក់ភ្លៀងខ្លាំងបំផុត ក្នុងឆ្នាំនេះ ខណៈដែលកម្សួលនៃព្យុះទីហ្វុង Doksuri បានបក់បោកឆ្លងកាត់ទីក្រុងនេះ ដោយបង្ខំឲ្យមានការជម្លៀសប្រជាជនរាប់ម៉ឺននាក់ពីតំបន់ដែលមានហានិភ័យខ្ពស់ នៅក្នុងតំបន់។
យោងតាមការសង្កេតរបស់ទីក្រុងនេះ បានឲ្យដឹងថា ភ្លៀងធ្លាក់ជាមធ្យមក្នុងទីក្រុងប៉េកាំងពេញមួយយប់ថ្ងៃចន្ទ (ទី៣១ ខែកក្កដា) បានឡើងដល់កម្រិត ១៤០,៧មីលីម៉ែត្រ ដោយបរិមាណភ្លៀងធ្លាក់ជាអតិបរមា នៅក្នុងតំបន់ Fangshan ឡើងដល់ ៥០០.៤មីលីម៉ែត្រ (អ៊ីង)។ គេរំពឹងថា ភ្លៀងធ្លាក់នៅតំបន់ភាគខាងត្បូង និងភាគខាងលិច នឹងមានកម្រិតកាន់តែខ្លាំង នៅព្រឹកថ្ងៃចន្ទនេះ។ តែយ៉ាងណាក្ដី ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា មិនទាន់មានរបាយការណ៍ខូចខាត ឬរងរបួសនៅឡើយទេ។
Doksuri គឺជាព្យុះដ៏មានឥទ្ធិពលខ្លាំងបំផុតមួយ ដែលបានវាយប្រហារប្រទេសចិន ក្នុងរយៈពេលជាច្រើនឆ្នាំ ហើយមនុស្សរាប់រយលាននាក់ នៅតំបន់ភាគខាងជើងនៃប្រទេស ក្នុងនោះរួមទាំងនៅទីក្រុងប៉េកាំង នៅតែស្ថិតក្រោមការប្រកាសអាសន្នពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុត សម្រាប់ការមានភ្លៀងធ្លាក់ខ្លាំង។ ការជូនដំណឹងនេះគ្របដណ្តប់លើប្រជាជនចំនួន ២២លាននាក់របស់ទីក្រុងប៉េកាំង និង ១៤លាននាក់របស់ទីក្រុង Tianjin ក៏ដូចជាផ្នែកខ្លះនៃខេត្ត Hebei, Shanxi, Shandong និង Henan។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា នេះជាលើកទី១ ហើយ គិតចាប់តាំងពីឆ្នាំ២០១១ ដែលមានការព្រមានពីភ្លៀងធ្លាក់ខ្លាំងបែបនេះ ហើយបានឲ្យដឹងបន្ថែមទៀតថា ការងារត្រូវបានបញ្ឈប់នៅការដ្ឋានសំណង់ជាង ៤.០០០កន្លែង ក្នុងទីក្រុងប៉េកាំង ដោយអគារចំនួនជិត ២០.០០០ ត្រូវបានត្រួតពិនិត្យមើលការខូចខាត ហើយកន្លែងសម្ដែងទស្សនីភាពផ្សេងៗ នៅក្នុងទីក្រុង ត្រូវបានបិទ៕



