ចិន៖ ប្រទេសចិន និងហ្គីយ៉ាន បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយ នៅថ្ងៃចន្ទ (ទី៣១ ខែកក្កដា) នេះ ដោយមានកិច្ចព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ ដោយក្នុងនោះរួមទាំងពាណិជ្ជកម្ម ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងកសិកម្មផងដែរ។

ក្នុងសេចក្តីប្រកាសដែលត្រូវបានចុះហត្ថលេខា ក្នុងឱកាសនៃដំណើរទស្សនកិច្ចដែលកំពុងតែប្រព្រឹត្តទៅរបស់ប្រធានាធិបតីហ្គីយ៉ាន លោក Irfaan Ali នៅប្រទេសចិននោះ ប្រទេសហ្គីយ៉ាន បានរំលឹកឡើងវិញនូវការគាំទ្ររបស់ខ្លួន ចំពោះគោលការណ៍ចិនតែមួយ ដោយអះអាងពីគំនិតផ្តួចផ្តើម ដែលស្នើឡើងដោយប្រទេសចិន រួមមានគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអារ្យធម៌សកល។
លើសពីនេះទៀត ភាគីទាំងពីរ ក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងអប់រំ ព្រមទាំងបន្តជំរុញកម្មវិធីផ្លាស់ប្តូរនិស្សិតផងដែរ។
សូមបញ្ជាក់ថា ប្រធានាធិបតីហ្គីយ៉ាន កំពុងស្នាក់នៅ ក្នុងប្រទេសចិន ចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ដែលក្នុងនោះលោកបានចូលរួមក្នុងពិធីបើកការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោក FISU រដូវក្តៅលើកទី៣១ នៅថ្ងៃទី២៨ ខែកក្កដា ហើយកំពុងបំពេញទស្សនកិច្ចនៅប្រទេសមហាអំណាចនៅអាស៊ីនេះ៕

