ភ្នំពេញ៖ ពលរដ្ឋខ្មែររស់នៅឯក្រៅប្រទេស បានបង្ហាញការគាំទ្រ និងមានសុទិដ្ឋិនិយមចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងត្រូវក្លាយជានាយករដ្ឋមន្រ្តីថ្មី នៃប្រទេសកម្ពុជា បន្តពីសម្តេចតេជោ ហ៊ុន សែន ។
ប្រជាពលរដ្ឋខ្មែរ មកពីសហរដ្ឋអាមេរិក ដែលបានមកទឹកដីកំណើត ដើម្បីចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ និងស្នាក់នៅដើរលេងកម្សាន្តផងនោះ បានប្រាប់BTVនៅថ្ងៃនេះថា ពួកគេមើលឃើញថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាស័ក្ដិសមធ្វើជានាយករដ្ឋមន្រ្តីថ្មី ព្រោះឯកឧត្តមបណ្ឌិត រៀនសូត្របានខ្ពង់ខ្ពស់ ដែលនឹងមានសមត្ថភាពគ្រប់គ្រាន់ អាចដឹកនាំប្រទេសជាតិឱ្យរីកចម្រើនទៅមុខ និងធានានិរន្តរភាព ការរស់សុខស្រួលរបស់ប្រជាពលរដ្ឋ ក្រោមម្លប់សន្តិភាព។
ពួកគេបានស្ងើចសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា បាន កសាងប្រទេសជាតិរីកចម្រើនលឿនហួសពីការស្មាន ។ ហើយពេលត្រលប់ទៅសហរដ្ឋអាមេរិកវិញ នឹង ប្រាប់ប្រជាពលរដ្ឋខ្មែរនៅទីនោះ ឱ្យបានដឹងពីការអភិវឌ្ឍរីកចម្រើននៅប្រទេសកម្ពុជា និងជំរុញដល់ពួកគេ ឱ្យមកលេងមាតុប្រទេសផងដែរ ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលអាណត្តិទី៧ យ៉ាងយូរ នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរដ្ឋសភា បើកកិច្ចប្រជុំជាលើកដំបូង។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវគេដឹងថា មានប្រវត្តិសិក្សាខ្ពង់ខ្ពស់ មានទាំងចំណេះដឹងលើ ផ្នែកយោធា និងផ្នែកសេដ្ឋកិច្ច ដោយបានបញ្ចប់ការសិក្សាមកពីសហរដ្ឋអាមេរិក ៕អត្ថបទ៖ ទូច សោភ័ណ