បាល់ទាត់៖ ម្ចាស់ជ័យលាភី World Cup ២០១៤ ជាមួយក្រុមជំរើសជាតិអាល្លឺម៉ង់ Semi Khedira បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករហើយ នៅដំណាច់រដូវកាលនេះ។ កីឡាករវ័យ ៣៤ឆ្នាំរូបនេះបានសំរេចចិត្តចូលនិវត្តន៍បែបនេះ បន្ទាប់ពីផ្ទេរពី Juventus មកកាន់ Hertha Berlin កាលពីបីខែមុនបន្ទាប់ពីឈ្នះជើងឯក Serie A ៥លើកនៅអ៊ីតាលី។
ក្នុងរយៈពេល ១៤ឆ្នាំនៃអាជីពជាមួយក្លិបបាល់ទាត់ Semi Khedira បានឈ្នះពានសំខាន់ៗសរុប ១៦លើកដូចជា UEFA Champions League និង La Liga ជាមួយ Real Madrid និង Bundesliga ជាមួយ Stuttgart។ បច្ចុប្បន្នលេងអោយ Hertha Berlin, Khedira នឹងបង្ហាញខ្លួនចុងក្រោយក្នុងអាជីពកីឡាកររបស់ខ្លួនដោយ Hertha Berlin ទៅទឹកដី Hoffenheim ថ្ងៃសៅរ៍នេះ។ ក្របខណ្ឌអាល្លឺម៉ង់ Bundesliga រកឃើញជើងឯក ក៏ដូចជាក្រុមដែលមានកៅអីនៅ UEFA Champions League និង Europa League រួចរាល់ហើយ ខណៈក្រុមដែលត្រូវកាត់ចោលក៏រកឃើញដែរគឺ Schalke 04 បាតតារាងនៅឡើយក្រុមលេខ ១៥, ១៦ និង ១៧ មិនទាន់ច្បាស់ថា Armenia Bielefeld, Werder Bremen រឺ FC Koln ដោយក្រុមណាបានលេខ ១៦ នឹងមានឱកាសលេង Play-Off ជាមួយក្រុមលេខ៣ នៅក្របខណ្ឌទី២ Bundesliga។ Hertha Berlin បានធានាកៅអីនៅក្របខណ្ឌកំពូលមួយរដូវកាលទៀត ក្រោយស្មើជាមួយ Koln សប្តាហ៍មុន៕
អត្ថបទ៖នាង សុភាវុធ