
មន្ត្រីម្នាក់បាននិយាយថា ការបំផ្ទុះគ្រាប់បែក នៅភាគអាគ្នេយ៍នៃសហភាពមីយ៉ាន់ម៉ា បានសម្លាប់មនុស្សម្នាក់ និង១២នាក់ផ្សេងទៀតរងរបួស នៅថ្ងៃចន្ទ (ទី៣១ ខែកក្កដា) នេះ។
ការប៉ះទង្គិចគ្នាដោយហិង្សា បានកើនឡើងកាន់តែខ្លាំង ចាប់តាំងពីយោធាបានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) កាលពីខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការបង្រ្កាបយ៉ាងបង្ហូរឈាមលើការតវ៉ា ដែលបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត។
មន្ត្រីរដ្ឋាភិបាលមកពីក្រុមប្រឹក្សារដ្ឋបាលរដ្ឋ Karen បានប្រាប់សារព័ត៌មាន AFP ថា ការបំផ្ទុះចេញពីរថយន្ត បានផ្ទុះនៅជិតប៉ុស្តិ៍ត្រួតពិនិត្យស្ពាន Thanlwin នៅម៉ោងប្រហែល ៦:៥០ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ០០:៥០ ម៉ោងសកល) ។
មន្ត្រី ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា៖ «មនុស្សប្រហែល ១៣នាក់ រួមទាំងអ្នកដំណើរ និងសមាជិកសន្តិសុខ នៅទីនោះ បានរងរបួស។ ក្នុងចំណោមអ្នករបួសទាំងនោះ ម្នាក់បានស្លាប់ នៅពេលទៅដល់មន្ទីរពេទ្យ»។
យ៉ាងណាក្ដី មន្ត្រីនោះ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអ្វីទេ ប៉ុន្តែគេដឹងថា ប៉ុស្តិ៍ត្រួតពិនិត្យនោះ មានការរឹតបន្តឹងសុវត្ថិភាពយ៉ាងតឹងរ៉ឹង។ នាពេលនេះ នៅមិនទាន់មានក្រុមណាមួយចេញមកអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះទេ។
សូមបញ្ជាក់ថា របបយោធារបស់សហភាពមីយ៉ានម៉ាកំពុងជាប់ដៃប្រយុទ្ធជាមួយក្រុមឧទ្ទាមជនជាតិភាគតិចជាច្រើនក្រុម ហើយបើយោងតាមក្រុមឃ្លាំមើលក្នុងតំបន់ បានឲ្យដឹងថា មនុស្សជាង ៣.៨០០នាក់ ត្រូវបានសម្លាប់ គិតចាប់តាំងពីមានរដ្ឋប្រហារមក៕