កីឡាការិនីវាយកូនបាល់ប៉ូឡូញ Iga Swiatek និងកីឡាករអាល្លឺម៉ង់ Alexander Zverev បានគ្រងជើងឯកក្នុង ការប្រកួតកម្មវិធីនៅក្នុងទឹកដីកំណើតរៀងៗខ្លួនចុងសប្តាហ៍កន្លងទៅ។
កីឡាការិនីលំដាប់លេខ ១ ពិភពលោក Iga Swiatek បានយកឈ្នះកីឡាការិនីអាល្លឺម៉ង់ Laura Siegemund ៦0 និង ៦-១ នៅទីក្រុងវ៉ាសូវីប្រទេសប៉ូឡូញនៃកម្មវិធី Poland Open។

Iga Swiatek ត្រូវលេង ២ ប្រកួតក្នុងមួយថ្ងៃអាទិត្យម្សិលមិញ ពោលគឺការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រត្រូវរុញមកបញ្ចប់នៅនៅពេលព្រឹក បន្ទាប់ពីមានភ្លៀងធ្លាក់រំខានការប្រកួតការប្រកួតនៅល្ងាចថ្ងៃសៅរ៍។
ងាកមកការប្រកួតផ្នែកបុរស ការប្រកួតកម្មវិធី Hamburg Open នៅប្រទេសអាល្លឺម៉ង់ កីឡាករម្ចាស់ផ្ទះ Alexander Zverev គឺជាជើងឯកក្រោយយកឈ្នះកីឡាករស៊ែប Laslo Djere នៅវគ្គផ្តាច់ព្រ័ត្រ ៧-៥ និង ៦-៣។
បច្ចុប្បន្នឈរលេខ ១៥ ពិភពលោក Zverev ដែលជាម្ចាស់មេដាយមាសអូឡាំពិកទីក្រុងតូក្យូ បានគ្រងជើងឯកលើកដំបូងប៉ុណ្ណោះរាប់ពីឆ្នាំ ២០២១។

កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានក្លាយជាកីឡាករអាល្លឺម៉ង់ដំបូងប៉ុណ្ណោះរាប់តាំងពីឆ្នាំ ១៩៩៣ ដែលឈ្នះជើងឯក Hamburg Open នេះ បន្ទាប់ពី Michael Stich៕ អត្ថបទ៖នាង សុភាវុធ