
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បាននិយាយកាលពីថ្ងៃអាទិត្យ (៣០កក្កដា)ថា កិច្ចប្រជុំនៃបក្សគូប្រជែងប៉ាឡេស្ទីនទាំង ១៤ ស្តីពីការផ្សះផ្សាជាតិ គឺជាជំហានដំបូង "ដើម្បីបញ្ចប់ការបែកបាក់ និងដើម្បីសម្រេចបាននូវឯកភាពជាតិ"។
កិច្ចពិភាក្សានៅទីក្រុង New Alamein ប្រទេសអេហ្ស៊ីបបានធ្វើឡើងបន្ទាប់ពីជំនួបរវាងលោក Abbas និងលោក Ismail Haniyeh ដែលជាមេដឹកនាំក្រុមហាម៉ាសអ៊ីស្លាមប៉ាឡេស្ទីន ក្នុងទីក្រុងអង់ការ៉ា (Ankara) កាលពីថ្ងៃពុធ។
លោក Abbas និងលោក Haniyeh មិនអាចស្រោចស្រង់ការប្រេះឆាចាប់តាំងពីឆ្នាំ២០០៧មក នៅពេលដែលក្រុមហាម៉ាសអ៊ីស្លាម ដែលប្រឆាំងនឹងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីស្រាអែល បានដណ្តើមកាន់កាប់តំបន់ហ្គាហ្សា (Gaza)។
ក្រុមអាជ្ញាធរប៉ាឡេស្ទីនដែលគាំទ្រដោយលោកខាងលិចរបស់លោក Abbas នៅតែមានឥទ្ធិពលនៅក្នុងតំបន់វេស ប៊ែង ដែលកាន់កាប់ដោយអ៊ីស្រាអែល។
នៅក្នុងកិច្ចប្រជុំនៅទីក្រុងអង់ការ៉ា លោក Abbas និងលោក Haniyeh បានយល់ព្រមបើកកិច្ចប្រជុំទូលំទូលាយនៃបក្សគូប្រជែងទាំងអស់ ដើម្បីពិភាក្សាអំពីជម្លោះជាមួយអ៊ីស្រាអែល និងវិធីដើម្បីបញ្ចប់ការបែកបាក់ផ្ទៃក្នុង៕