
ជនភៀសខ្លួនមួយរូបនិយាយថា ជនភៀសខ្លួនស៊ូដង់ ឈរតម្រង់ជួររយៈពេលកន្លះថ្ងៃទំរាំអាចបំពេញទឹក ២-៣ប៊ីដុងបាន ស្របពេលដែលសីតុណ្ហភាពខ្ពស់ និងកង្វះខាតទឹកម៉ាស៊ីន នៅក្នុងជំរំជនភៀសខ្លួនឆាដ ធ្វើឲ្យប៉ះពាល់ដល់មនុស្សរាប់រយនាក់។
ក្រុមជនភៀសខ្លួននិយាយថា មាននូវបញ្ហាដ៏អាក្រក់បំផុតជាមួយនឹងបង្គន់ផងដែរ ស្របពេលដែលមានទឹកតិចតួចបំផុតសម្រាប់ផឹក ។
រលកកម្តៅទូទាំងសកលោកកាលពីពេលថ្មីៗនេះ និងសីតុណ្ហភាពខ្ពស់បំផុតពុំធ្លាប់ដែលមានពីមុនមក កំពុងបង្កការលំបាកកាន់តែខ្លាំងសម្រាប់ជនភៀសខ្លួនដែលរត់គេចចេញពីសង្រ្គាម ទៅកាន់ជំរំទាំងនេះ នៅតាមព្រំដែនប្រទេសឆាដ-ស៊ូដង់ ។
សង្រ្គាមកំពុងបន្តនៅក្នុងប្រទេសស៊ូដង់ បានត្រួសត្រាយផ្លូវឲ្យមានការវាយប្រហារមកលើគោលដៅជនជាតិដើមភាគតិច ដោយក្រុមជីវពលអារ៉ាប់ និងងកម្លាំងគាំទ្ររហ័ស(RSF) នៅតំបន់ដាហ្វួរខាងលិច ធ្វើឲ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ រត់ភៀសខ្លួនទៅកាន់ប្រទេសឆាដ ។
អ្នកស្រី Buthaina គឺជាជនភៀសខ្លួនស៊ូដង់មួយរូប និយាយថា ពួកយើងត្រូវការទឹកសម្រាប់ដុសលាង សម្រាប់បង្គន់ និងសម្រាប់លាងចាន ។ បច្ចុប្បន្នពួកយើងមានទឹកសម្រាប់តែផឹកប៉ុណ្ណោះ ប៉ុន្តែគ្មានសម្រាប់បង្គន់ និងអ្វីៗផ្សេងទៀតនោះទេ ដូច្នេះហើយពួកយើងត្រូវការជំនួយខ្លាំងណាស់ ។ ពួកយើងសង្ឃឹមថានឹងមានទឹកប្រើប្រាស់ ពួកយើងមិនចង់បានអ្វីផ្សេងទៀតនោះទេ ។ ពួកយើងត្រូវការធុងទឹកផងដែរ ពួកយើងគ្មានធុងទឹកនោះទេ ៕