
លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu និយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលនឹងពង្រឹកផ្លូវដែកតម្លៃ ២៧ពាន់លានដុល្លាររបស់ខ្លួន ដែលនឹងតភ្ជាប់តំបន់ឆ្ងាយៗជាមួយរដ្ឋធានីធំតែល អាវីវ ហើយអនាគត ពួកយើងអាចនឹងតភ្ជាប់ផ្លូវដែកទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ។
ការប្រកាសបែបនេះ បានកើតមានបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ក្រុមមន្រ្តីកំពូលសហរដ្ឋអាមេរិកទៅកាន់អារ៉ាប៊ីសាអូឌីត កាលពីសប្តាហ៍មុន ដើម្បីជំរុញការបង្កើតទំនាក់ទំនងផ្លូវរវាងមហាអំណាចមូស្លីម និងអ៊ីស្រាអែល។
ពេលបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីអ៊ីស្រាអែលប្រចាំសប្តាហ៍ លោក Netanyahuទំនងជាគេចវេសពីវិបត្តិធម្មនុញ្ញដែលបានធ្វើឲ្យប្រទេសមួយនេះធ្លាក់ក្នុងភាពវឹកវរអស់រយៈពេល ៧ខែមកហើយ ធ្វើឲ្យខូចសេដ្ឋកិច្ចរបស់ខ្លួន និងធ្វើឲ្យរង្គោះរង្គើដល់ទំនុកចិត្តសម្ព័ន្ធមិត្តលោកខាងលិចលើសុខភាពប្រជាធិបតេយ្យរបស់ពួកគេ ។
តែផ្ទុយទៅវិញ លោក Netanyahuបានលើកកម្ពស់គំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធ រួមទាំង “គម្រោងអ៊ីស្រាអែលតែមួយ” ដែលលោកបានរៀបរាប់ថា វាត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយពេលធ្វើដំណើរដោយរថភ្លើងទៅកាន់មជ្ឈមណ្ឌលរដ្ឋាភិបាល និងធុរកិច្ចនៅក្នុងប្រទេសមួយនេះ មកនៅត្រឹមរយៈពេល ២ម៉ោង ឬតិចជាងនេះ ។
លោក Netanyahu និយាយថា នៅថ្ងៃនេះ ពួកយើងកំពុងដាក់ចេញ “គម្រោងអ៊ីស្រាអែលតែមួយ” ដើម្បីតភ្ជាប់ប្រទេសទាំងមូលជាមួយនឹងរថភ្លើងល្បឿនលឿន ពីទីក្រុង Kiryat Shmonaទៅកាន់ទីក្រុង Eilat។ គម្រោងមួយនេះ ចាប់ផ្តើមជាមួយនឹងថវិការាប់ឆ្នាំដ៏ច្រើនសន្ធឹកសន្ធាប់ ២៧ពាន់លានដុល្លារ។
លោកបន្តថា នៅពេលអនាគត ពួកយើងនឹងអាចដឹកជញ្ជូនទំនិញតាមផ្លូវដែកពីទីក្រុង Eilat ដល់តំបន់សមុទ្រមេឌីទែរ៉ាណេរបស់ពួកយើង ហើយនិងអាចតភ្ជាប់អ៊ីស្រាអែលតាមរថភ្លើងទៅកាន់អារ៉ាប៊ីសាអូឌីត និងឧបទ្វីបអារ៉ាប់ ៕