
ដើមឈើបាក់រាប់សិបដើម ត្រូវបានមើលឃើញរាយប៉ាយនៅតាមផ្លូវក្នុងទីក្រុងវ៉ាស៊ីងតោន សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ បន្ទាប់ពីព្យុះផ្គរន្ទះបោកបក់ឆ្លងកាត់ទីក្រុងមួយនេះ ។
ព្យុះភ្លៀង និងខ្យល់បក់ខ្លាំង បណ្តាលឲ្យអាក់ខានដល់ការផ្គត់ផ្គង់ចរន្តអគ្គិសនី និងការធ្វើដំណើរផងដែរ ។ សេវាកម្មឧតុនិយមជាតិ រាយការណ៍ថា ល្បឿនខ្យល់បក់ខ្លាំងរហូតដល់ ១៣៥គ.មក្នុង១ម៉ោង ត្រូវបានរកឃើញនៅតាមតំបន់មួយចំនួន ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ប្រជាពលរដ្ឋរាប់ពាន់នាក់រស់នៅក្នុងទីក្រុងវ៉ាស៊ីងតោន គ្មានចរន្តអគ្គីសនីប្រើប្រាស់នោះទេ កាលពីថ្ងៃអាទិត្យ ។ សេវាកម្មមួយចំនួននៃប្រព័ន្ធរថភ្លើងក្រោមដី បានរងផលប៉ះពាល់ផងដែរ ។
កម្លាំងព្យុះ នាំឲ្យមានសេចក្តីរាយការណ៍ថា ដើមឈើ និងខ្សែចរន្តអគ្គិសនីបានធ្លាក់ដល់ដី នៅក្នុងទីក្រុងវ៉ាស៊ីងតោន ក្នុងនោះមនុស្សជាច្រើននាក់ បានរងរបួស ហើយដើមឈើបានបាក់រលំកិនផ្ទះ និងរថយន្តផងដែរ ៕