
នាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី Giorgia Meloniនិយាយថា ការសម្រេចចិត្តលើការបន្តការចូលរួមគម្រោងផ្លូវមួយ ក្រវ៉ាត់មួយ( BRI)របស់ចិន នឹងត្រូវបង្កើតឡើងនៅមុនខែធ្នូខាងមុខនេះ ហើយអ៊ីតាលី នៅតែមានទំនាក់ទំនងល្អប្រសើរជាមួយចិន បើទោះបីជាគ្មានគម្រោងមួយនេះក៏ដោយ ។
លោកស្រី Meloni បានផ្តល់សេចក្តីអធិប្បាយបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox Newsអំឡុងដំណើរទស្សនកិច្ចរបស់លោកស្រីកាលពេលថ្មីៗនេះ ទៅកាន់ទីក្រុងវ៉ាស៊ីងតោន ដែលត្រូវបានគេចាក់ផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញ ។
គួរឲ្យដឹងថា អ៊ីតាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង BRIក្រោមរដ្ឋាភិបាលមុន ដើម្បីក្លាយជាប្រទេសធំមួយគត់នៅលោកខាងលិច ដែលបានបោះជំហានបែបនេះ ។ គម្រោង BRI មើលឃើញការបង្កើតឡើងវិញគម្រោងផ្លូវសូត្រចាស់ ដែលតភ្ជាប់ចិនជាមួយអាស៊ី អឺរ៉ុប ហើយលើសពីការចំណាយលើហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ ។ ក្រុមអ្នករិះគន់យល់ឃើញថា វាគឺជាឧបករណ៍ធ្វើឲ្យចិនពង្រីកឥទ្ធិពលភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួន ។
លោកស្រី Meloniនិយាយថា ពួកយើងនៅពុំទាន់សម្រេចចិត្តនៅឡើយទេ ។ វាគឺជាអ្វីមួយដែលត្រូវពិភាក្សានៅក្នុងប្រទេសអ៊ីតាលី ជាមួយសភា និងជាមួយចិន ។ មតិផ្ទុយគ្នាលើគម្រោងផ្លូវមួយ ក្រវ៉ាត់មួយ គឺថាពួកយើងគឺជាប្រទេសតែមួយគត់នៅក្នុងក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G7 នៅសហភាពអឺរ៉ុប ប៉ុន្តែពួកយើងមិនមែនជាប្រទេសដែលមាពាណិជ្ជកម្មល្អបំផុតជាមួយចិននោះទេ ។
លោកស្រីបន្តថា នោះមានន័យថា អ្នកអាចមានទំនាក់ទំនងល្អជាមួយចិន ដោយពុំចាំបាច់មានគម្រោងផ្លូវមួយ ក្រវ៉ាត់មួយ ។ ប៉ុន្តែតាមទស្សនៈរបស់ខ្ញុំ វាគឺជាអ្វីមួយដែលនឹងត្រូវពិភាក្សាជាមួយរដ្ឋាភិបាលចិន ហើយនិងនៅក្នុងសភាអ៊ីតាលី ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកយើងនឹងធ្វើការសម្រេចចិត្តនៅមុនខែធ្នូខាងមុខនេះ ៕