
កាលពីថ្ងៃអាទិត្យម្សិលមិញ ប្លុកប្រឆាំងឥណ្ឌា គឺសម្ព័ន្ធភាព I.N.D.I.A បានជួបជាមួយអភិបាលរដ្ឋភាគឦសាន Manipur និងបានដាក់អនុស្សរណៈ ជាទីដែលអំពើហិង្សារវាងក្រុមកុលសម្ព័ន្ធ បានសម្លាប់មនុស្ស ១៨០នាក់ ចាប់តាំងពីខែឧសភារហូតមក ។
នៅក្នុងសន្និសីទសារព័ត៌មាន មេដឹកនាំគណបក្សប្រឆំាងសភារបស់ឥណ្ឌា លោក Adhir Ranjan Chowdhuryនិយាយថា ស្ថានភាពនៅរដ្ឋ Manipur អាចនឹងក្លាយជាបញ្ហាសន្តិសុខជាតិ ។
លោក Chowdhuryនិយាយថា ឆាប់រហ័សតាមដែលអាចធ្វើទៅបាន ពួកយើងសូមអំពាវនាវផងដែរតាមរយៈសារព័ត៌មានថា សភាគួរតែគ្រប់គ្រង ។ រដ្ឋាភិបាលមិនគួរពន្យាពេលឡើយ ហើយព្រមទទួលយកញត្តិគ្មានទំនុកចិត្តរបស់ពួកយើង ក៏ដូចជាពិភាក្សាលើបញ្ហារដ្ឋ Manipurដោយសារស្ថានភាពនៅទីនោះ កាន់តែធ្ងន់ធ្ងរទៅពី១ថ្ងៃទៅ ១ថ្ងៃ ។ វានឹងធ្វើឲ្យកើតមានបញ្ហាសន្តិសុខជាតិ ។
ក្រុមប្រជាពលរដ្ឋ និងសារព័ត៌មាន និយាយថា អំពើហិង្សា បានបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ រត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈដែលភូមិដ្ឋាន បានប្រែក្លាយជាផេះ ហើយស្រ្តីក្លាយជាកម្មវត្ថុនៃការបំពានផ្លូវភេទ ។
សូមបញ្ជាក់ថា មូលហេតុដែលផ្តើមឲ្យកើតមានអំពើហិង្សានេះ គឺបទបញ្ជារបស់តុលាការ ពិចារណាលើការបន្តអត្ថប្រយោជន៍សេដ្ឋកិច្ចដែលបម្រុងទុកសម្រាប់កុលសម្ព័ន្ធ Kuki ដល់កុលសម្ព័ន្ធ Meiteis ៕