
ស្របពេលដែលសីតុណ្ហភាពទីក្រុង Denverរបស់សហរដ្ឋអាមេរិក កើនឡើងខ្ពស់ជិត ៣ដងនោះ លោក Ben Gallegosអង្គុយអត់ពាក់អាវនៅលើរានហាលមុខផ្ទះរបស់លោក ទះរុយលើជើងរបស់គាត់ ហើយនិងអង្គុយមុខកង្ហាទឹក ដើម្បីឲ្យលែងសូវក្តៅ ។ ដូចគ្នានឹងមនុស្សជាច្រើនទៀតដែររស់នៅក្នុងតំបន់ក្រីក្របំផុតរបស់សហរដ្ឋអាមេរិក លោក Gallegosគ្មានម៉ាស៊ីនត្រជាក់ប្រើប្រាស់នោះទេ ។
បុរសវ័យ ៦៨ឆ្នាំម្នាក់នេះ បានយកពូករបស់គាត់គ្របបង្អួចដើម្បីការពារកុំឲ្យកម្តៅចូល ហើយលោកដេកនៅក្នុងបន្ទប់បេតង់ក្រោមដី ។ លោកដឹងថា សីតុណ្ហភាពខ្ពស់ខ្លាំងពេក អាចបណ្តាលឲ្យកើតសុរិយរោគ និងបណ្តាលឲ្យស្លាប់បាន ហើយស្ថានភាពសួតរបស់គាត់ អាចនឹងធ្វើឲ្យគាត់ងាយរងគ្រោះ ។
អតីតអ្នករៀបឥដ្ឋចូលនិវត្ន៍ ដែលរស់រានដោយសារប្រាក់ឧបត្ថម្ភ ១ពាន់ដុល្លារពីកម្មវិធីសន្តិសុខសង្គមរូបនេះ និយាយថា ម៉ាស៊ីនត្រជាក់ លោកគ្មានលទ្ធភាពឈោងចាប់នោះទេ ។
លោកបន្តថា លោកត្រូវចំណាយពេលសន្សំលុយប្រហែល ១២ឆ្នាំ ទើបមានរបស់បែបនេះប្រើបាន ។ បើសិនជាលោកពិបាកដង្ហើម លោកនឹងទៅរកន្លែងសង្រ្គោះបន្ទាន់ ។
ស្របពេលដែលបម្រែបម្រួលអាកាសធាតុ ធ្វើឲ្យសីតុណ្ហភាពកាន់តែឡើងក្តៅខ្លាំងបំផុត និងមានរលកកម្តៅរយៈពេលយូរ ដោយបំបែកកំណត់ត្រាសីតុណ្ហភាពខ្ពស់បំផុតនៅទូទាំងសហរដ្ឋអាមេរិក និងបណ្តាលឲ្យមនុស្សរាប់សិបនាក់ ស្លាប់នោះ ប្រជាពលរដ្ឋក្រីក្របំផុតរបស់អាមេរិក ប្រឈមនឹងថ្ងៃដ៏ក្តៅបំផុត ។
ស្របពេលដែលទីក្រុង Phoenixរដ្ឋ Arizonaរកឃើញសីតុណ្ហភាពខ្ពស់ជាង ៤៣អង្សាសេរយៈពេល ២៧ថ្ងៃជាប់ៗគ្នា កាលពីថ្ងៃពុធសប្តាហ៍មុន មនុស្ស ៩នាក់ដែលបានស្លាប់ក្នុងផ្ទះ ពុំមានម៉ាស៊ីនត្រជាក់ប្រើប្រាស់នោះទេ ៕