
ក្រុមមានជម្លោះប៉ាឡេស្ទីន បានជួបប្រជុំគ្នា ក្នុងប្រទេសអេហ្ស៊ីប កាលពីថ្ងៃអាទិត្យ (ទី៣០ ខែកក្កដា) ដើម្បីពិភាក្សាអំពីកិច្ចប្រឹងប្រែងផ្សះផ្សា ក្នុងពេលមានការកើនឡើងនៃអំពើហិង្សា រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅតំបន់ West Bank។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អេហ្ស៊ីប MENA បានរាយការណ៍ថា កិច្ចប្រជុំដែលដឹកនាំដោយមេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Abbas ស្វែងរកការស្តារឡើងវិញនូវឯកភាពអន្តរប៉ាឡេស្ទីនក្នុងចំណោមក្រុមបក្សពួកផ្សេងៗ ដែលបែកបាក់គ្នា។
ខណៈពេលដែលចលនាគូប្រជែងធំៗពីរ ដែលគ្រប់គ្រងក្រុម Fatah និងក្រុម Hamas ដែលកាន់កាប់តំបន់ Gaza ចូលរួមក្នុងកិច្ចប្រជុំ នៅទីក្រុង New Alamein របស់ប្រទេសអេហ្ស៊ីប ក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន (PIJ) បានប្រកាសជាមុនថា ខ្លួននឹងធ្វើពហិការការជួបជុំនេះ ដោយសារតែការចាប់ខ្លួនផ្នែកនយោបាយចំពោះសមាជិកមួយចំនួនដោយអាជ្ញាធរប៉ាឡេស្ទីន ដែលដឹកនាំដោយលោក Abbas។
ការប្រមូលផ្តុំដែលសម្របសម្រួលដោយអេហ្ស៊ីបនេះ បានកើតមានឡើងចំពេលដែលមានអំពើហិង្សា កើនឡើងនៅតំបន់ West Bank។ កាលពីដើមខែកក្កដា ការវាយឆ្មក់របស់អ៊ីស្រាអែលទៅលើជំរំជនភៀសខ្លួន Jenin បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ១២នាក់ និងរបួសជាង ១៥០នាក់។
ស្ថានទូតប៉ាឡេស្ទីន បានកត់សម្គាល់ថា ថ្នាក់ដឹកនាំប៉ាឡេស្ទីន និងសមភាគីអេហ្ស៊ីប លោក Abdel-Fattah al-Sisi គ្រោងនឹងជួបពិភាក្សាគ្នា នៅថ្ងៃចន្ទ (ទី៣១ ខែកក្កដា) នេះ៕