
តុលាការកំពូលរបស់ប្រទេសឥណ្ឌា គ្រោងនឹងបើកសវនាការ ជុំវិញញត្តិមួយចំនួន ទាក់ទងនឹងអំពើហិង្សាជនជាតិភាគតិច នៅភាគខាងជើងឆៀងខាងកើតរដ្ឋ Manipur ក្នុងនោះរួមទាំងបណ្ដឹងពីស្ត្រីម្នាក់ ក្នុងចំណោមស្ត្រីពីរនាក់ ដែលត្រូវបានគេឃើញនៅក្នុងវីដេអូមួយ ដែលបង្កឲ្យមានកំហឹងផ្ទុះឡើង។
វីដេអូ ដែលត្រូវបានចរាចរនៅលើប្រព័ន្ធអ៊ិនអឺណេតយ៉ាងរហ័ស បានបង្ហាញស្ត្រីទាំង២ រូបនោះ ត្រូវបានគេបណ្ដើរតាមផ្លូវទាំងអាក្រាតកាយ និងរំលោភបំពានពីក្រុមមនុស្សទាំងនោះ។ អ្នកទាំង២ នោះ ត្រូវបានគេវាយដំនៅដើមខែឧសភា នៅពេលដែលអំពើហិង្សារវាងជនជាតិភាគតិច Kuki និង Meitei បានចាប់ផ្តើមផ្ទុះឡើង ក្នុងរដ្ឋ Manipur ប៉ុន្តែបញ្ហានេះ ទើបតែកា្លយជាចំណុចក្ដៅ នៅខែនេះ។
ញត្តិរបស់ពួកគេស្នើសុំឲ្យមានការកាត់ក្តី ដោយយុត្តិធម៌ និងការការពារអត្តសញ្ញាណរបស់ពួកគេ។ ញត្តិមួយទៀត មកពីរដ្ឋាភិបាលសហព័ន្ធ ដែលបានស្នើឲ្យតុលាការកំពូលផ្ទេរការកាត់ក្តី ក្នុងសំណុំរឿងនេះទៅក្រៅរដ្ឋ ហើយបញ្ចប់វាក្នុងរយៈពេល៦ខែ។
ស្ត្រីក្នុងវីដេអូនោះ គឺជាជនជាតិភាគតិច Kuki ចំណែកពួកបុរសដែលឡោមព័ទ្ធពួកគេ មកពីក្រុមជនជាតិភាគតិច Meitei។ យោងតាមពាក្យបណ្តឹងរបស់នគរបាល ប៉ុន្មានថ្ងៃក្រោយពេលកើតហេតុ ស្ត្រីម្នាក់ក្នុងចំណោមនោះ ក៏ត្រូវបានគេចាប់រំលោភបូកផងដែរ។ រហូតមកដល់ពេលនេះ នគរបាលបានចាប់ខ្លួនមនុស្សចំនួន ៧នាក់ ពាក់ព័ន្ធនឹងករណីនេះ ប៉ុន្តែការចាប់ខ្លួនទី១ ទើបតែបានធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា ពោលគឺមួយថ្ងៃ បន្ទាប់ពីវីដេអូនេះ ត្រូវបានចែករំលែកយ៉ាងសុសសាយ។
សូមបញ្ជាក់ថា អំពើហិង្សានៅក្នុងរដ្ឋធម្មជាតិ Manipur រវាងសមាជិកនៃសហគមន៍ជនជាតិភាគតិច Meitei និងជនជាតិភាគតិច Kuki បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៣០នាក់ ស្លាប់ និងរាប់ម៉ឺននាក់ផ្លាស់ទីលំនៅ ក្នុងរយៈពេល ៣ខែកន្លងមកនេះ៕