អាមេរិក៖ អ្នកវិភាគសន្តិសុខអាមេរិកម្នាក់បានព្រមានថា ការទម្លាក់ប្រធានាធិបតីនីហ្សេ លោក Mohamed Bazoum អាចធ្វើឱ្យប្រទេសនេះ មានភាពងាយស្រួលសម្រាប់ក្រុមទាហានស៊ីឈ្នួល The Wagner និងក្រុមជីហាដ ខណៈដែលវិបត្តិនេះបានធ្វើឱ្យអតីតសម្ព័ន្ធមិត្តលោកខាងលិចរបស់នីហ្សេ ប្រឆាំងនឹងរុស្ស៊ី និងមេដឹកនាំរបបយោធាដទៃទៀតនៅក្នុងតំបន់។

សហភាពអាហ្រ្វិក អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងមហាអំណាចផ្សេងទៀតបានថ្កោលទោសការទម្លាក់លោកប្រធានាធិបតី Mohamed Bazoum នេះ ដែលជាការកាន់កាប់ដោយយោធាលើកទី៧ ក្នុងរយៈពេលតិចជាងបីឆ្នាំនៅអាហ្វ្រិកខាងលិច និងកណ្តាល ដែលបានធ្វើឱ្យខូចដល់វឌ្ឍនភាពលទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់ក្រីក្របំផុតរបស់ពិភពលោកមួយនេះ។ ប៉ុន្តែរបបយោធានៃប្រទេសជិតខាងដូចជា ប្រទេសប៊ូគីណា ហ្វាសូ (Burkina Faso), ប្រទេសម៉ាលី (Mali) និងប្រទេសហ្គីនេ (Guinea) សុទ្ធតែបានសម្តែងការគាំទ្ររបស់ពួកគេចំពោះមេដឹកនាំរដ្ឋប្រហារទាំងនោះ។
កាលពីសប្តាហ៍មុន លោក Yevgeny Prigozhin ប្រធានក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី បានស្វាគមន៍រដ្ឋប្រហារនៅនីហ្សេ ហើយបាននិយាយថា កងកម្លាំងរបស់លោកមានលទ្ធភាពដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញក្នុងប្រទេសនេះ។

លោកស្រី Analiese Bernard អ្នកវិភាគសន្តិសុខ និងជាអតីតមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា ប្រសិនបើក្រុមទាហាន Wagner ជាប់ពាក់ព័ន្ធក្នុងប្រទេសនីហ្សេ នោះវាទំនងជានឹងប្រព្រឹត្តិការរំលោភសិទ្ធិមនុស្ស ដូចគ្នាដែលក្រុមនោះធ្លាប់បានប្រព្រឹត្តនៅក្នុងប្រទេសម៉ាលីដែលជាប្រទេសជិតខាងនោះ ហើយបើកទ្វារឱ្យក្រុមជីហាដឈរជើងនៅក្នុងប្រទេសនីហ្សេ មិនខាន៕