ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣ នឹងបន្ដការប្រកួតជម្រុះ សប្ដាហ៍ទី១៤ នៅថ្ងៃទី០១ និងថ្ងៃទី០២ ខែសីហានេះ ជាមួយកម្មវិធីប្រកួតដ៏សំខាន់ក្នុងពូលA ខណៈពូលB ប្រសិនបើខេត្តកំពង់ចាម បន្ដយកឈ្នះខេត្តកណ្ដាល នឹងធ្វើឲ្យគូប្រជែង ៣ក្រុមទៀត បាត់បង់ឱកាសឡើងវគ្គបន្ដតែម្ដង ។
សម្រាប់កម្មវិធីប្រកួតក្នុងពូល A ដែលទស្សនិកជនមិនគួរមើលរំលេង នៅរសៀលថ្ងៃទី០១ ខែសីហានេះ គឺក្រុមកំពូលតារាងភ្នំពេញហ្គាឡាក់ស៊ី ត្រូវជួបក្រុមភ្ញៀវខេត្តកំពត បន្ទាប់ពីយកឈ្នះក្រៅដី ១-០ កាលពីជើងទី១ ស្របពេលក្រុមព្រះសីហនុ ត្រូវជួបក្រុមម្ចាស់ផ្ទះខេត្តកំពង់ស្ពឺវិញ ក្រោយទទួលបានជ័យជម្នះ ២-១ លើទឹកដីខ្លួន កាលពីជើងទី១ ។
បច្ចុប្បន្នក្នុងពូល A នេះ ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកំពង់ស្ពឺ កំពុងកាន់ ៦ពិន្ទុក្នុងដៃស្មើគ្នា និងនៅសល់ ៣ប្រកួតរៀងខ្លួន តាមពីក្រោយក្រុមភ្នំពេញហ្គាឡាក់ស៊ី ដែលមាន ១១ពិន្ទុ ។ ដូច្នេះការប្រកួតថ្ងៃនេះ ពិតជាសំខាន់ សម្រាប់ក្រុមនីមួយៗ ដែលទាមទារឈ្នះដាច់ខាត ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ ។
ចំណែកកម្មវិធីប្រកួតពូល B នាថ្ងៃទី០២ ខែសីហាវិញ គឺមានខេត្តកណ្ដាល ជួបក្រុមភ្ញៀវខេត្តកំពង់ចាម និងខេត្តស្វាយរៀង ជួបក្រុមមិនទាន់ស្គាល់ចាញ់ ខេត្តត្បូងឃ្មុំ ។ កាលពីជើងទី១ ខេត្តកណ្ដាល ចាញ់ខេត្តកំពង់ចាម ៤-១ និងខេត្តស្វាយរៀង ចាញ់ខេត្តត្បូងឃ្មុំ ៥-១ ។
ចំពោះតារាងពិន្ទុបច្ចុប្បន្ន ក្នុងនាមក្រុមកំពូលតារាង ដែលរកបាន ១៥ពិន្ទុ ខេត្តត្បូងឃ្មុំ បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយទៅហើយ គ្រាដែលកំពង់ចាម មាន ១២ពិន្ទុឈរលេខ២ តាមពីក្រោយដោយខេត្តស្វាយរៀង និងកំពង់ឆ្នាំង ដែលមាន ៧ពិន្ទុស្មើគ្នា និងនៅសល់ ២ប្រកួតក្នុងដៃដូចគ្នា ។
ប៉ុន្ដែផ្អែកលើលទ្ធផល គិតត្រឹមសប្ដាហ៍ទី១៣ ប្រសិនបើខេត្តកំពង់ចាម បន្ដយកឈ្នះខេត្តកណ្ដាលទៀត ពួកគេនឹងត្រូវឡើងវគ្គបន្ដជាមួយខេត្តត្បូងឃ្មុំ គ្រាដែលខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង នឹងអស់ឱកាសប្រជែងកៅអីវគ្គបន្ដ ជាមួយខេត្តកណ្ដាលតែម្ដង៕ អត្ថបទ លី ឈុនឡា