UN៖ កាលពីថ្ងៃចន្ទ (៣០ កក្កដា) សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជំរុញឱ្យរុស្ស៊ីដកទ័ពរបស់ខ្លួនចេញពីទឹកដីដែលទទួលស្គាល់ជាអន្តរជាតិរបស់អ៊ុយក្រែន។ តំណាងរបស់ប្រទេសអ៊ុយក្រែន លោកស្រី Khrystyna Hayovyshyn (គ្រីស្ទីណា ហាយ៉ូវីស៊ីន) បាននិយាយថា សកម្មភាពរបស់រុស្ស៊ី បង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ស្ថិរភាពក្នុងតំបន់ និងទូទាំងពិភពលោក។
ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើទីក្រុង គ្រីវី រី (Kryvyi Rih) ភាគខាងត្បូងប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់ រួមទាំងក្មេងស្រីអាយុ ១០ឆ្នាំម្នាក់ និងម្តាយរបស់នាង ព្រមទាំងមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស។

រដ្ឋធានី គីវ ដែលបានទទួលគ្រឿងយុទ្ធោបករណ៍ និងការហ្វឹកហ្វឺនមានតម្លៃរាប់ពាន់លានដុល្លារពីប្រទេសលោកខាងលិច ដើម្បីធ្វើការវាយលុកដណ្តើមយកទឹកដីដែលកាន់កាប់ឡើងវិញនៅរដូវក្តៅនេះ បានទទួលស្គាល់ថាយុទ្ធនាការរបស់ខ្លួនកំពុងដំណើរការយឺតជាងការរំពឹងទុក។ ក្រុមមេបញ្ជាការនិយាយថា ល្បឿនវាយលុកដោយចេតនាគឺត្រូវការចាំបាច់ដើម្បីបញ្ចៀសគ្រោះថ្នាក់ខ្ពស់។
ទាហានរុស្សីមានពេលជាច្រើនខែដើម្បីរៀបចំពហរងឹងបន្ទាយការពារ និងដាក់ពង្រាយគ្រាប់មីន។ ក្រុមអ្នកវាយប្រហារជនជាតិអ៊ុយក្រែន ខ្វះឧត្តមភាពដែនអាកាស ដែលសម្ព័ន្ធមិត្តណាតូ ជាធម្មតារំពឹងទុកនៅក្នុងសមយុទ្ធហ្វឹកហ្វឺនរបស់ពួកគេ៕
