ខ្សែប្រយុទ្ធជើងចាស់អ៊ុយរូហ្កាយ Edinson Cavani បានបង្ហាញមុខជាផ្លូវការនៅចំពោះមុខអ្នកគាំទ្រក្លិបអាហ្សង់ទីន Boca Junior នៅកីឡដ្ឋាន Bombonera ទីក្រុង Buenos Aires ថ្ងៃចន្ទម្សិលមិញ។
អ្នកគាំទ្រប្រមាណ ៣០០០០ នាក់បានស្វាគមន៍ និងអបអរសាទរវត្តមានខ្សែប្រយុទ្ធដែលមានបទពិសោធក្រាសក្រែលវ័យ ៣៦ ឆ្នាំរូបនេះ ដែលធ្លាប់ចំណាយពេលច្រើនឆ្នាំនៅអឺរ៉ុប។
អតីតខ្សែប្រយុទ្ធ Manchester United រូបនេះបានចុះហត្ថលេខារយៈពេល ១៨ ខែជាមួយក្លិបបាល់ទាត់ដែលឈ្មោះល្បីជាងគេមួយនៅអាហ្សង់ទីននេះ។
រំលឹកថា Edinson Cavani បានមកដល់ Boca Junior បន្ទាប់ពីអាជីពជាច្រើនក្លិបនៅអឺរ៉ុបរួមមាន Palermo, Napoli, Paris Saint Germain, Manchester United និង Valencia។
Cavani ធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអ៊ុយរូហ្កាយនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ៤ លើកនៅឆ្នាំ ២០១០, ២០១៤, ២០១៨ និង ២០២២៕ អត្ថបទ៖ នាង សុភាវុធ

