ប៊ុលហ្គារី៖ ប្រជាជនប៊ុលហ្គារីរាប់ពាន់នាក់បានតវ៉ានៅខាងក្រៅអគារតុលាការក្នុងទីក្រុងសូហ្វីយ៉ា (Sofia) កាលពីថ្ងៃចន្ទ (៣១ កក្កដា) ដើម្បីអំពាវនាវឱ្យមានវិធានការរឹងមាំជាងមុនដើម្បីដោះស្រាយអំពើហិង្សាលើស្ត្រី។
ហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី និងជាង ៤០ ទីក្រុងទូទាំងប្រទេស បន្ទាប់ពីការវាយប្រហារដោយកាំបិតកាលពីពេលថ្មីៗនេះទៅលើនារីវ័យក្មេងម្នាក់នៅក្នុងទីក្រុង ស្តារ៉ា ហ្សាហ្គូរ៉ា (Stara Zagora) បង្កឱ្យប្រជាពលរដ្ឋមានកំហឹងជាខ្លាំង។

ប្រជាពលរដ្ឋបានធ្វើដំណើរតាមដងផ្លូវ បន្ទាប់ពីបុរសម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានចាក់សម្លាប់មិត្តស្រីរបស់ខ្លួនដោយកាំបិត ហើយបណ្ដាលឲ្យនាងមានរបួសជាង ៤០០ ថ្នេរនោះ ត្រូវបានដោះលែងពីដំបូងដោយមិនមានការចោទប្រកាន់។
ជនសង្ស័យឥឡូវនេះកំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្នមុនការជំនុំជម្រះទោស នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយប៊ុលហ្គារី។
ការស្រាវជ្រាវមួយ ដែលត្រូវបានចេញផ្សាយនៅក្នុងខែវិច្ឆិកាដោយវិទ្យាស្ថានស្ថិតិជាតិបានបង្ហាញថា ស្ទើរតែមួយភាគបីនៃក្មេងស្រីនៅក្នុងប្រទេសប៊ុលហ្គារីបានជួបប្រទះការរំលោភបំពានផ្លូវកាយ ឬផ្លូវចិត្ត ដោយឪពុកម្តាយរបស់ពួកគេក្នុងវ័យកុមារភាព ហើយស្ត្រីយ៉ាងហោចណាស់៥នាក់ក្នុងចំណោម១០នាក់ បានជួបប្រទះនូវអំពើហឹង្សាមួយចំនួនពីដៃគូជិតស្និទ្ធ មិនថាជាផ្លូវចិត្ត ផ្លូវភេទ ឬផ្លូវកាយនោះទេ៕
