ឥណ្ឌា៖ ការប៉ះទង្គិចគ្នាដោយហឹង្សាបានផ្ទុះឡើងរវាងក្រុមចំនួនពីរ នៅក្នុងរដ្ឋហាយ៉ាណា (Haryana) ភាគខាងជើងប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទ (៣១ កក្កដា) ដោយមានការគប់ដុំថ្ម ហើយរថយន្តត្រូវបានដុតបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ និងរបួសជាង៥០ នាក់ក្នុងនោះមាននគរបាលពីរនាក់ផងដែរ។

សារព័ត៌មានឥណ្ឌា (VHP) បាននិយាយថា ស្រុក Nuh ដែលមានចម្ងាយប្រហែល ៨៥គីឡូម៉ែត្រពីរដ្ឋធានីនៃប្រទេសឥណ្ឌា បានឃើញហ្វូងមនុស្សដែលបានវាយប្រហារនគរបាល និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ក្នុងអំឡុងពេលដង្ហែក្បួនដោយក្រុមជាតិនិយមហិណ្ឌូ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា សេវាប្រព័ន្ធអ៊ីនធឺណិតក៏ត្រូវបានផ្អាកជាបណ្ដោះអាសន្នផងដែរ។ ឧប្បត្តិហេតុនៃអំពើហិង្សាជាបន្តបន្ទាប់ក៏ត្រូវបានគេរាយការណ៍នៅទីក្រុងរណប Gurugram របស់ទីក្រុង New Delhi ផងដែរ៕
