ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៣ ទុនបម្រុងអន្តរជាតិមានចំនួនជាង ១៨ ប៊ីលានដុល្លារអាមេរិក បានកើនឡើងប្រមាណ ៣,២% ធៀបនឹងចុងខែ ធ្នូ ឆ្នាំ២០២២ ដែលការកើនឡើងទុនបម្រុងនេះ ជាលទ្ធផលនៃការកើនឡើងចំណូលពីការវិនិយោគក្រៅប្រទេស ថ្លៃមាស និងប្រាក់បញ្ញើរបស់រាជរដ្ឋាភិបាល និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅធនាគារជាតិនៃកម្ពុជា។
ធនាគារជាតិនៃកម្ពុជា ក្នុងរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២៣ នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ លើកឡើងថា ការកើនឡើងទុនបម្រុងនេះ ជាលទ្ធផលពីការកើនឡើងចំណូលពីការវិនិយោគក្រៅប្រទេស ថ្លៃមាស និងប្រាក់បញ្ញើរបស់រាជរដ្ឋាភិបាល និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅធនាគារជាតិនៃកម្ពុជា។
កម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិនេះ បង្ហាញពីលទ្ធភាពរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ ទំនុកចិត្តលើរូបិយវត្ថុជាតិ មូលដ្ឋានសម្រាប់ការខ្ចីក្រៅប្រទេស ព្រមទាំងផ្តល់ការការពារគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការសន្ទនីយភាពទប់ទល់ នឹងវិបត្តិខាងក្រៅ។
ការវិនិយោគទុនបម្រុងអន្តរជាតិ ត្រូវបានអនុវត្តដោយមានភាពបត់បែន ហើយហានិភ័យនៃការវិនិយោគ ត្រូវបានគ្រប់គ្រង និងតាមដានយ៉ាងហ្មត់ចត់ និងគោរពតាមសេចក្ដីណែនាំការវិនិយោគរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីធានាបានការគ្រប់គ្រងទុនបម្រុងអន្តរជាតិប្រកបដោយសុវត្ថិភាព សន្ទនីយភាព និងទទួលបានចំណូលសមស្រប។
សូមបញ្ជាក់ថា ដើមឆ្នាំ ២០២៣ នេះ ធនាគារជាតិនៃកម្ពុជាបានធ្វើបច្ចុប្បន្នកម្ម សេចក្ដីណែនាំការវិនិយោគ ដោយបានកែសម្រួលសមាសភាគនៃចំណែកទុនបម្រុងវិនិយោគ និងរូបិយប័ណ្ណ ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការសន្ទនីយភាព និងលទ្ធភាពខ្ពស់ក្នុងការចាប់យកឱកាសពីការប្រែប្រួលនៃអត្រាការប្រាក់នៅលើទីផ្សារ ។
ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា បានបន្តយកចិត្តទុកដាក់លើការបង្កើនការវិនិយោគលើសញ្ញាបណ្ណបៃតង (Green bonds) និងសញ្ញាបណ្ណ ដែលពាក់ព័ន្ធនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច ដែលបោះផ្សាយដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ នៅប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងនៅតំបន់អឺរ៉ុប៕អត្ថបទ៖ សុន រ៉ាឌី