អាមេរិក៖ សណ្ឋាគារដ៏ល្បីមួយនៅទីក្រុងញូវយ៉ក ឥឡូវនេះត្រូវបានកែច្នៃជាមជ្ឈមណ្ឌលជនអន្តោប្រវេសន៍។ សណ្ឋាគារ Roosevelt ដែលមានទីតាំងនៅកណ្តាលតំបន់ពាណិជ្ជកម្ម Manhattan ស្ថិតនៅឆ្ងាយពីស្ថានីយរថភ្លើងកណ្ដាល។
សណ្ឋាគារនេះ អាចផ្ទុកអ្នកស្រុកអតិបរមាបានប្រហែល៩០០នាក់។ ឥឡូវនេះវាកំពុងដំណើរការជា 'មជ្ឈមណ្ឌលសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន' ខណៈដែលទីក្រុងញូវយ៉កកំពុងជួបផលលំបាកក្នុងការទប់ទល់លំហូរជនអន្តោប្រវេសន៍ដែលចូលទៅកាន់ទីក្រុងមួយនេះ ដែលបណ្ដាលឲ្យជនអន្តោប្រវេសន៍មួយចំនួនត្រូវដេកតាមផ្លូវ ដោយសារមណ្ឌលនេះមិនអាចទទួលពួកគេអស់។

មជ្ឈមណ្ឌលនេះកំពុងទទួលជនអន្តោប្រវេសន៍ជាច្រើននាក់ ហើយអ្នកខ្លះមិនអាចទទួលបានកន្លែងស្នាក់នៅខាងក្នុងនោះទេ ហើយត្រូវបានបង្ខំឱ្យដេកនៅតាមផ្លូវ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
មនុស្សជាច្រើនអាចត្រូវបានគេមើលឃើញជារៀបគ្នាជួរយ៉ាងវែង ដោយមានកាន់ក្រដាសកាតុងសម្រាប់ក្រាលជាកន្លែងគេង។
ក្រុមមន្ត្រីទីក្រុងញូវយ៉កកាលពីដើមខែនេះបាននិយាយថាអ្នកស្វែងរកសិទ្ធិជ្រកកោនជាង ៩០.០០០នាក់បានមកដល់ទីក្រុងនេះចាប់តាំងពីនិទាឃរដូវឆ្នាំមុន ហើយជាមធ្យមមានមនុស្សពី ៣០០នាក់ទៅ ៥០០នាក់បានចូលមកដល់ជារៀងរាល់ថ្ងៃ៕
