ភ្នំពេញ៖ មូលបត្របំណុលរបស់រដ្ឋ ដែលបោះផ្សាយដោយធនាគារជាតិនៃកម្ពុជា គិតមកដល់ត្រីមាសទី១ ឆ្នាំ២០២៣នេះ បានបោះផ្សាយមូលបត្របំណុល ចំនួន ១១ លើក មានទំហំទឹកប្រាក់សរុបជាង ១៨៤ ប៊ីលានរៀល ឬស្មើនឹងប្រមាណ ៤៤លានដុល្លារ។
ធនាគារជាតិនៃកម្ពុជា បានបង្ហាញរបាយការណ៍ប្រចាំឆមាសទី ១ និងទិសដៅឆមាសទី ២ ឆ្នាំ២០២៣ នៅថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៣ ការបោះផ្សាយមូលបត្របំណុលរបស់រដ្ឋ ដែលធនាគារជាតិនៃកម្ពុជា ជាភ្នាក់ងារបោះផ្សាយ និងទូទាត់មូលបត្ររដ្ឋ នៅលើទីផ្សារដំបូង ដែលមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាអ្នកចូលរួមជាវ បានចាប់ផ្តើមពីខែកញ្ញា ឆ្នាំ ២០២២។ គិតនៅក្នុងឆមាសទី ១ ឆ្នាំ ២០២៣ ការដេញថ្លៃមូលបត្ររដ្ឋ នៅលើផ្លែតហ្វម (NBCP) មាន ៦ ដង មានទំហំប្រាក់ ១១២ ប៊ីលានរៀល។
សូមបញ្ជាក់ថា ការបោះផ្សាយមូលបត្ររដ្ឋបន្ទាប់ពីបានផ្អាកមួយរយៈ រាជរដ្ឋាភិបាលបានសម្រេចបោះផ្សាយមូលបត្ររដ្ឋឡើងវិញ ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុកម្ពុជា និងកេណ្ឌប្រមូលមូលធនក្នុងស្រុកជាប្រាក់រៀល ដើម្បីប្រើប្រាស់ក្នុងការវិនិយោគរយៈពេលមធ្យមនិងវែង។
ជាក់ស្តែងនៅឆ្នាំ ២០២២ មូលបត្ររដ្ឋត្រូវបានបោះផ្សាយចំនួន ៥ លើក តាមរយៈការដេញថ្លៃនៅលើផ្លែតហ្វម (NBCP) មានទឹកប្រាក់ចំនួនជាង ៧២ ប៊ីលានរៀល ត្រូវប្រមាណជាង ១៧ លានដុល្លារអាមេរិក ទាបជាងការគ្រោងទុក ក្នុងចំនួន ១,២ ទ្រីលានរៀល ឬ៣០០លានដុល្លារអាមេរិក។
ការបោះផ្សាយមូលបត្ររដ្ឋ គឺជាជំហានយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុក្នុងស្រុកបន្ថែមទៀត ក៏ដូចជាការលើកកម្ពស់ការអនុវត្តនយោបាយរូបិយវត្ថុ ផ្អែកលើយន្តការទីផ្សារ តាមរយៈការបង្កើតឧបករណ៍រូបិយវត្ថុមួយដែលគ្មានហានិភ័យ ការផ្តល់ជាឧបករណ៍សម្រាប់ប្រើជាប្រាតិភោគ (សិទ្ធប្រត្យក្សមួយប្រភេទ ដែលប្រគល់ទៅឲ្យម្ចាស់បំណុល) ដើម្បីទទួលបានហិរញ្ញប្បទាន ជាប្រភពទុនដែលមានស្ថិរភាព ធៀបនឹងប្រភពទុនក្រៅប្រទេស និងជួយជំរុញការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី
