សេណេហ្គាល់៖ បាតុកម្មម្តងម្កាលបានផ្ទុះឡើងនៅក្នុងរដ្ឋធានីរបស់ប្រទេសសេណេហ្គាល់កាលពីថ្ងៃចន្ទ (៣១ កក្កដា) ខណៈដែលឥស្សរជនបក្សប្រឆាំងដ៏សំខាន់ម្នាក់គឺលោក Ousmane Sonko ត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងដោយចោទប្រកាន់ពីបទរៀបចំការបះបោរប្រឆាំង និងបទល្មើសផ្សេងៗទៀត។
យោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសនេះបានឲ្យដឹងថា មនុស្ស២នាក់បានស្លាប់ក្នុងហេតុការណ៍តវ៉ានោះ។

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប៉ះទង្គិចបានចាប់ផ្តើមបន្ទាប់ពីប្រទេសសេណេហ្គាល់ បានរឹតបន្តឹងការប្រើប្រាស់សេវាអ៊ីនធឺណិតកាលពីព្រឹកថ្ងៃចន្ទ ដោយសារតែការរីករាលដាលនៃ "សារបង្កឲ្យមានការស្អប់ខ្ពើម" នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
អ្នកគាំទ្ររបស់លោក Sonko បានខឹងសម្បាចំពោះទស្សនៈដែលថា ការផ្តន្ទាទោសរបស់លោក Sonko អាចរារាំងលោកមិនឲ្យឈរឈ្មោះបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ។
ក្រុមអ្នកតវ៉ាបានបិទផ្លូវជាតិដោយដុតសំបកកង់រថយន្ត និងដាក់រថយន្តដឹកដីពោរពេញដោយក្រួសបាំងផ្លូវ ដែលនាំឱ្យរថយន្តជាច្រើនខ្សែបង្កការកកស្ទះចរាចរណ៍នៅខាងក្រៅទីក្រុង ហើយយ៉ាងហោចណាស់រថយន្តក្រុងមួយគ្រឿងត្រូវបានដុតបំផ្លាញ៕
