ចិន៖ នៅតំបន់ជាយក្រុងភាគខាងលិចនៃទីក្រុងប៉េកាំង រថយន្តជាច្រើនត្រូវបានទឹកហូរនាំទៅឆ្ងាយ កាលពីថ្ងៃចន្ទ ខណៈដែលភ្លៀងធ្លាក់ឥតឈប់ឈរចាប់តាំងពីចុងសប្តាហ៍បានប្រែក្លាយផ្លូវនានាទៅជាទន្លេ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១១នាក់ និងមនុស្ស២៧នាក់បាត់ខ្លួន ព្រមទាំងបណ្ដាលឲ្យមនុស្សរាប់រយនាក់ទៀតជាប់គាំង បើទោះបីជាមានការជម្លៀសមនុស្សរាប់ម៉ឺននាក់ចេញពីផ្ទះសម្បែងរបស់ពួកគេពេញមួយយប់ក៏ដោយ។

ផ្លូវរាប់រយខ្សែត្រូវបានជន់លិច ក្នុងរដ្ឋធានីរបស់ប្រទេសចិនមួយនេះ ជាមួយនឹងវីដេអូដែលបានបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បង្ហាញពីរថយន្តដែលលិចទឹកពាក់កណ្តាលនៅក្នុងតំបន់ Mentougou ត្រូវបានទឹកហូរនាំទៅយ៉ាងលឿន ខណៈដែលកម្រិតដែលនៅសេសសល់នៃព្យុះទីហ្វុង Doksuri បានបណ្ដាលឲ្យមាន ភ្លៀងធ្លាក់យ៉ាងខ្លាំងលើទីក្រុង ដែលមានមនុស្សរស់នៅជិត២២លាននាក់នេះ។
សាកសពមនុស្ស១១នាក់ត្រូវបានគេរកឃើញ ក្នុងអំឡុងពេលល្បាតបន្ទាន់ក្នុងតំបន់ Mentougou ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានបញ្ជូននមនុស្សរាប់រយនាក់ទៅកាន់ទីសុវត្ថិភាពនៅក្នុងតំបន់ផ្សេងទៀតនៃទីក្រុងនេះ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មនុស្សជាង៣១.០០០នាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេក្នុងទីក្រុងប៉េកាំង ការដ្ឋានសំណង់ជាង៤.០០០ទីតាំងត្រូវបានបញ្ឈប់ អគារជិត២០.០០០កន្លែងត្រូវបានត្រួតពិនិត្យមើលការខូចខាត ហើយកន្លែងទេសចរណ៍នៅក្នុងទីក្រុងត្រូវបានបិទ។
អាកាសយានដ្ឋានទាំងពីរនៅក្នុងរដ្ឋធានីប៉េកាំងបានលុបចោលជើងហោះហើរជាង២០០ជើងកាលពីរសៀលថ្ងៃចន្ទ ដោយមានការពន្យារពេលជិត៦០០ដំណើរ នេះបើយោងតាមកម្មវិធីតាមដានជើងហោះហើរ Flight Master ហើយផ្លូវចំនួន៣៥៨ខ្សែក្នុងទីក្រុងប៉េកាំងត្រូវបានរងផលប៉ះពាល់ដោយភ្លៀងគិតត្រឹមថ្ងៃចន្ទផងដែរ៕
