អាមេរិក៖ ក្រុមហ៊ុន X ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលកាលពីមុនត្រូវបានគេស្គាល់ថាឈ្មោះ Twitter បានគំរាមប្តឹងក្រុមអ្នកស្រាវជ្រាវឯករាជ្យ ដែលឯកសារការស្រាវជ្រាវរបស់ពួកគេបានកត់ត្រាកំណើននៃសារស្អប់ខ្ពើមនៅលើគេហទំព័របណ្ដាញសង្គមរបស់ខ្លួន ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានទិញយកកាលពីឆ្នាំមុនដោយលោក Elon Musk មក។

មេធាវីម្នាក់ដែលតំណាងឱ្យគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ បានសរសេរទៅកាន់មជ្ឈមណ្ឌលប្រឆាំងការស្អប់ខ្ពើមឌីជីថលកាលពីថ្ងៃទី២០ ខែកក្កដា ដោយគំរាមចាត់វិធានការផ្លូវច្បាប់ជុំវិញការស្រាវជ្រាវរបស់អង្គការមិនរកប្រាក់ចំណេញ ជុំវិញការនិយាយបែបស្អប់ខ្ពើម និងការសម្របសម្រួលខ្លឹមសារមិនច្បាស់លាស់។ លិខិតនេះបានចោទប្រកាន់ថាការបោះពុម្ពផ្សាយការស្រាវជ្រាវរបស់មជ្ឈមណ្ឌល CCDH ហាក់ដូចជាមានបំណង "ធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុន Twitter ដោយការជំរុញអ្នកផ្សាយពាណិជ្ជកម្មឱ្យចេញឆ្ងាយពីវេទិកានេះ ជាមួយនឹងការចេញផ្សាយអត្ថបទបែបញុះញ៉ង់" ។
នៅក្នុងលិខិតនោះ មេធាវីឈ្មោះ Alex Spiro បានស្នើដោយគ្មានភស្តុតាងថា មជ្ឈមណ្ឌលនេះបានទទួលមូលនិធិពីដៃគូប្រកួតប្រជែងមួយចំនួនរបស់ក្រុមហ៊ុន X ទោះបីជាមជ្ឈមណ្ឌលក៏បានបោះពុម្ពរបាយការណ៍រិះគន់អំពីក្រុមហ៊ុន TikTok ក្រុមហ៊ុន Facebook និងវេទិកាធំផ្សេងទៀតក៏ដោយ។
ការគំរាមកំហែងនៃបណ្តឹងនាពេលថ្មីៗនេះរបស់ក្រុមហ៊ុន X បានជំរុញឱ្យមានការព្រួយបារម្ភពីតំណាងរាស្រ្តសហរដ្ឋអាមេរិកដូចជាលោក Adam Schiff ជាអ្នកប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័រនីញ៉ា ដែលបាននិយាយថា មហាសេដ្ឋីរូបនេះកំពុងព្យាយាមប្រើការគំរាមកំហែងនៃសកម្មភាពផ្លូវច្បាប់ដើម្បីដាក់ទណ្ឌកម្មក្រុមមិនស្វែងរកប្រាក់ចំណេញ ដែលព្យាយាមឲ្យវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏មានឥទ្ធិពលមួយនេះ ទទួលខុសត្រូវលើសកម្មភាពរបស់ខ្លួន៕
