ឈីលី៖ គ្រឿងញៀនខុសច្បាប់តម្លៃជាង ១០លានដុល្លារអាមេរិក ត្រូវនគរបាលប្រទេសឈីលីរឹបអូសបាន បន្ទាប់ពីគ្រឿងញៀននេះ ត្រូវបានរកឃើញលាក់ទុកក្នុងគ្រឿងប្រើប្រាស់អេឡិចត្រូនិក (ម៉ាស៊ីនបោកខោអាវ ទូទឹកកក...)។
ការរុករកចាប់បាននេះ គឺជាផ្នែកមួយនៃប្រតិបត្តិការរយៈពេល២ខែ នៅទីក្រុងកំពង់ផែ Vaparaiso ប្រទេសឈីលី ហើយយោងតាមក្រុមមន្ត្រី បានឲ្យដឹងថា កងកម្លាំងសន្តិសុខរបស់ឈីលី រឹបអូសបានថ្នាំញៀនចំនួន ១៨៤គីឡូក្រាម ដែលលាក់នៅក្នុងគ្រឿងឧបករណ៍ប្រើប្រាស់ចំនួន៧។
ថ្នាំញៀននេះ ត្រូវបានគេរាយការណ៍ថា នាំចូលមកពីប្រទេសហូឡង់។ តម្លៃនៃសារធាតុខុសច្បាប់នេះ ត្រូវបានគេប៉ាន់ប្រមាណថា គឺប្រហែល ១១ លានដុល្លារ។
លំនៅឋានចំនួន៨កន្លែង ត្រូវបានឆ្មក់ចូលឆែកឆេរ ដែលជាផ្នែកមួយនៃការបង្ក្រាបនេះ។ ពលរដ្ឋកូឡុំប៊ី ៥នាក់ ត្រូវបានចាប់ខ្លួន ព្រមទាំងរឹបអូសថ្នាំញៀនមួយចំនួនផ្សេងទៀត កាំភ្លើងខ្លីមួយដើម និងរថយន្តប៉ុន្មានគ្រឿងផងដែរ៕



