ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃនេះ បានប្រកាសលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្ររហូតដល់ជាង៦លាន ។
លទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប បានឱ្យដឹងថា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋ ប្រមាណជាង៨លាននាក់ បានទៅបោះឆ្នោត ក្នុងនោះមានសន្លឹកឆ្នោតបានការ សរុបជាង ៧លាន៧សែន និងសន្លឹកឆ្នោតមិនបានការសរុបចំនួនជាង៤៤ម៉ឺនសំឡេង ។
គ.ជ.ប បានបញ្ជាក់ថា ក្នុងការបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ខ្ពស់ជាងគេ រហូតដល់ជាង៦លាននាក់ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច ឈរនៅលំដាប់ទី២ ដែលមាន សំឡេងគាំទ្រជាង៧១ម៉ឺននាក់ ។
ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ថា គ្រប់គណបក្សនយោបាយ ដែលបាន ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ តាមមណ្ឌលរាជធានី ខេត្ត អាច ប្ដឹងតវ៉ា អំពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់ នៃការបោះឆ្នោត ក្នុងរយៈពេល៧២ម៉ោងយ៉ាងយូរ បន្ទាប់ពីការប្រកាសលទ្ធផលបណ្ដោះអាសន្ន នៅព្រឹកថ្ងៃនេះ ។
ការទទួលបានសំឡេងគាំទ្រច្រើនលើសលប់ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ហៅថាជាជោគជ័យប្រវត្តិសាស្ត្រ បើប្រៀបធៀបនឹងការបោះឆ្នោតលើកមុនៗ ដែលបង្ហាញឱ្យឃើញពីសម្ទុះកាន់តែខ្លាំង នៃការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ លើការដឹកនាំរបស់គណ បក្សប្រជាជនកម្ពុជា ក្នុងការធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន រក្សាបាននូវសុខសន្តិភាព និងស្ថិរភាព នយោបាយ ៕អត្ថបទ៖ បាន សុខរិទ្ធិ


