តាលីបង់៖ ក្រុមមេដឹកនាំតាលីបង់ បានជួបជាមួយមន្ត្រីមកពីសហរដ្ឋអាមេរិកក្នុងប្រទេសកាតាជាលើកដំបូង ចាប់តាំងពីវិលត្រឡប់មកកាន់អំណាច នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីពីរឆ្នាំមុន។
អ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃចន្ទថា ភាគីទាំងពីរ បានពិភាក្សាអំពីវិធានការកសាងទំនុកចិត្ត ក្នុងអំឡុងពេលកិច្ចពិភាក្សារយៈពេលពីរថ្ងៃ រួមទាំងការដកទណ្ឌកម្ម និងបម្រាមធ្វើដំណើរ ក៏ដូចជាការប្រគល់ទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថាន ដែលត្រូវបានកាន់កាប់នៅបរទេស។

លោកអាប់ឌុល កាហា បាឃី (Abdul Qahar Balkhi) បាននិយាយថា គណៈប្រតិភូ ក៏បានពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងបញ្ហាសិទ្ធិមនុស្សផងដែរ។
ពុំទាន់មានប្រទេសណាមួយ បានទទួលស្គាល់ពួកតាលីបង់ជាផ្លូវការទេ ចាប់តាំងពីការវិលត្រឡប់មក កាន់អំណាចមកវិញ។
ក្រុមនេះ បានចូលមកកាន់អំណាច កាលពីខែសីហា ឆ្នាំ ២០២១ នៅពេលដែលរដ្ឋាភិបាលគាំទ្រដោយលោកខាងលិចរបស់ប្រទេសអាហ្វហ្គានីស្ថាន បានដួលរលំ បន្ទាប់ពីការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីប្រទេសដ៏ចលាចលនេះ បន្ទាប់ពីជម្លោះ២០ឆ្នាំ។
