នីហ្សេ៖ ប្រទេសប៊ួគីណាហ្វាសូ និងម៉ាលី បានព្រមានថា រាល់ការធ្វើអន្តរាគមន៍ណាមួយចូលក្នុងប្រទេសនីហ្សេដែលជាប្រទេសជិតខាងរបស់ខ្លួន នឹងត្រូវបានចាត់ទុកជាការប្រកាសសង្គ្រាម ប្រឆាំងនឹងប្រទេសទាំង២នេះ ជាសញ្ញាមួយបង្ហាញពីការគាំទ្រដល់ក្រុមមេដឹកនាំរដ្ឋប្រហារថ្មីៗក្នុងប្រទេសមួយនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ រដ្ឋាភិបាលរបស់ប្រទេសម៉ាលី និងប៊ួគីណាហ្វាសូ ក៏បានច្រានចោលការអនុវត្តន៍ផងដែរនូវអ្វីដែលប្រទេសទាំង២ហៅថាជាការដាក់ទណ្ឌកម្មខុសច្បាប់ និងអមនុស្សធម៌ ប្រឆាំងនឹងប្រជាជននិងក្រុនអាជ្ញាធរនីហ្សេ។
សេចក្ដីថ្លែងការណ៍នេះ បាននិយាយថា រដ្ឋាភិបាលបណ្ដោះអាសន្នរបស់ប្រទេស ប៊ួគីណា ហ្វាសូ និងម៉ាលី បានបង្ហាញសាមគ្គីភាពដ៏មុះមុត របស់ខ្លួន និងរបស់ប្រជាជនប៊ួគីណា និងម៉ាលី ចំពោះប្រជាជននីហ្សេ ដែលបានសម្រេចចិត្តទទួលខុសត្រូវដ៏ពេញលេញក្នុងការគ្រប់គ្រងជោគវាសនា ក្នុងដៃរបស់ពួកគេនិងបន្តការពារអធិបេតយ្យភាពរបស់ពួកគេនៅចំពោះមុខប្រវត្តិសាស្ត្រ។
សារនេះ បានកើតមានឡើងមុនដល់មួយសប្ដាហ៍ផងទេ បន្ទាប់ពីក្រុមទាហានអង្គរក្សការពារប្រធានាធិបតី នីហ្សេ លោក មហាម៉េដ បាហ្សូម (Mohamed Bazoum)បានចាប់ឃុំខ្លួនមេដឹកនាំរូបនេះកាលពីថ្ងៃទី២៦ខែកក្កដា ដោយប្រកាសថាពួកគេបានបញ្ចប់រដ្ឋបាលរបស់លោកហើយ៕

