អាមេរិក៖ ចៅក្រមរដ្ឋ Georgia កាលពីថ្ងៃចន្ទបានច្រានចោលការប៉ុនប៉ងរបស់អតីតប្រធានាធិបតីលោក Donald Trump ក្នុងការធ្វើមោឃភាពការស៊ើបអង្កេតមួយទៅលើករណីថាតើលោកជ្រៀតជ្រែងដោយខុសច្បាប់ក្នុងការបោះឆ្នោតឆ្នាំ២០២០ របស់រដ្ឋនេះឬយ៉ាងណា រយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលការចោទប្រកាន់ពីបទឧក្រិដ្ឋ ដែលត្រូវបានគេរំពឹងថានឹងត្រូវធ្វើឡើង។

ចៅក្រមតុលាការជាន់ខ្ពស់តំបន់ Fulton លោក Robert McBurney បានបដិសេធសំណើរបស់លោកត្រាំក្នុងការដកសិទ្ធិរដ្ឋអាជ្ញាឈានមុខ រារាំងការចោទប្រកាន់សំខាន់ៗ និងច្រានចោលរបាយការណ៍គណៈវិនិច្ឆ័យ ដែលរួមមានការផ្តល់យោបល់ទៅលើអ្នកដែលនឹងត្រូវចោទប្រកាន់។ របាយការណ៍នៅតែត្រូវបានបញ្ជាក់ក្រោមបទបញ្ជារបស់លោក McBurney ដែលកំពង់រង់ចាំបទចោទប្រកាន់លើករណី ជាបញ្ហាផ្លូវច្បាប់ដែលលោកត្រាំត្រូវប្រឈមតតាំង។ ដោយឡែកនៅក្នុងទីក្រុង Miami ជំនួយការរបស់លោកត្រាំបានបង្ហាញខ្លួននៅក្នុងតុលាការសហព័ន្ធកាលពីថ្ងៃចន្ទដើម្បីប្រឈមនឹងបទចោទតប្រកាន់នានា ដែលលោក បានជួយអតីតប្រធានាធិបតីរូបនេះក្នុងការលាក់បាំងឯកសារសម្ងាត់ ដោយការលុបវីដេអូកាំម៉េរ៉ាសុវត្ថិភាព។ មេធាវីប្រចាំតំបន់ Fulton លោកស្រី Fani Willis បានបញ្ជាក់ថា លោកស្រីមានបំណងស្នើឲ្យគណៈវិនិច្ឆ័យ អនុម័តបទចោទប្រកាន់នានា ក្នុងពេលណាមួយ ក្នុងរយៈពេល៣សប្តាហ៍បន្ទាប់ ដោយប្រាប់ចៅក្រមថា បុគ្គលិករបស់លោកស្រីនឹងធ្វើការពីចម្ងាយជាការប្រុងប្រយ័ត្នជាមុនផ្នែកសុវត្ថិភាព។ របាំងសន្តិសុខត្រូវបានតម្លើងនៅខាងក្រៅបរិវេណតុលាការនៅតំបន់នេះកាលពីសប្តាហ៍មុន។ លោកត្រាំ បានបដិសេធការធ្វើខុសណាមួយ និងបានចោទប្រកាន់លោកស្រី Willis ជាមាជិកគណបក្សប្រជាធិបតេយ្យដែលបានជាប់ឆ្នោត ពីការជំរុញផ្នែកនយោបាយ៕