ចិន៖ កាលពីថ្ងៃចន្ទ (៣១ កក្កដា) ប្រទេសចិនបានប្រកាសពីការគ្រប់គ្រងការនាំចេញលើយានដ្រូន ព្រមទាំងឧបករណ៍ដែលទាក់ទងនឹងយានដ្រូន ដោយនិយាយថាខ្លួនចង់ការពារ "សន្តិសុខ និងផលប្រយោជន៍ជាតិ" ស្របពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិកជុំវិញការប្រើប្រាស់បច្ចេកវិទ្យា។

ក្រសួងពាណិជ្ជកម្មបាននិយាយថា ការរឹតបន្តឹងលើឧបករណ៍ដ្រូន រួមទាំងម៉ាស៊ីនដ្រូនមួយចំនួន ឡាស៊ែរ ឧបករណ៍ទំនាក់ទំនង ព្រមទាំងប្រព័ន្ធប្រឆាំងយានដ្រូន នឹងចូលជាធរមាននៅថ្ងៃទី១ ខែកញ្ញា។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការគ្រប់គ្រងនេះក៏ប៉ះពាល់ដល់អ្នកប្រើប្រាស់យានដ្រូនមួយចំនួនផងដែរ ហើយគ្មានយានដ្រូនស៊ីវិលណាមួយអាចត្រូវបាននាំចេញសម្រាប់គោលបំណងយោធានោះទេ។
ប្រទេសចិនមានឧស្សាហកម្មផលិតយានដ្រូនដ៏ធំ ហើយនាំចេញទៅកាន់ទីផ្សារជាច្រើន រួមទាំងសហរដ្ឋអាមេរិកផងដែរ។ សមាជិកសភាអាមេរិកបាននិយាយថា ជាង៥០%នៃយានដ្រូនដែលលក់នៅសហរដ្ឋអាមេរិក គឺផលិតដោយក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសចិន DJI ហើយពួកវាជាយានដ្រូនពេញនិយមបំផុត ដែលប្រើប្រាស់ដោយភ្នាក់ងារសុវត្ថិភាពសាធារណៈ។

ការទប់ស្កាត់ការនាំចេញយានដ្រូននេះ ធ្វើឡើងបន្ទាប់ពីប្រទេសចិនបានប្រកាសការគ្រប់គ្រងការនាំចេញលើលោហធាតុមួយចំនួន ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការផលិតបន្ទះឈីបកាលពីខែមុនបន្ទាប់ពីចំណាត់ការរបស់សហរដ្ឋអាមេរិក ក្នុងការរឹតត្បិតចិនមិនឲ្យទទួលបានបច្ចេកវិទ្យាសំខាន់ៗដូចជា ឧបករណ៍ផលិតបន្ទះឈីបជាដើម៕