ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា គណៈកម្មាធិការប្រចាំស្បៀងបម្រុងកម្ពុជា ក៏បានត្រៀមរួចជាស្រេច ក្នុងការជួយសង្រ្គោះជាទុន ឬពូជស្រូវ ពូជបន្លែជូនដល់ប្រជាកសិករដែលរងការខូចខាតដោយសារគ្រោះធម្មជាតិទឹកជំនន់។
លោកជំទាវ អឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ មានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា យោងតាមសេចក្តីរាយការណ៍តាមខេត្តមួយចំនួនដែលបានបញ្ជូនមក គឺមានផ្ទៃដីស្រែមួយចំនួនដែលលិចលង់ដោយសារជំនន់ទឹកភ្លៀង ហើយជំនន់ទឹកភ្លៀងវាធ្លាក់មកគំហុកប៉ុន្មានខែ។
អ្នកនាំពាក្យដដែលរូបនេះ បានឲ្យដឹងទៀតថា បច្ចុប្បន្នក្រសួងបានត្រៀមលក្ខណៈរួចរាល់អស់ហើយ ប៉ុន្តែរងចាំការវាយតម្លៃជាក់ស្តែងជាមុនសិន ថាតើផ្ទៃដីដែលរងផលប៉ះពាល់មានទំហំ ឬក៏ម្រិតប៉ុណ្ណា ហើយប្រជាពលរដ្ឋនៅតំបន់ណាខ្លះ ដែលលោកមានផ្ទៃដីអាចស្តារឡើងវិញបាន ហើយអាចមានលទ្ធភាពទទួលយកពូជស្រូវ ពូជបន្លែដែលយើងត្រៀមផ្តល់ជូនលោកទាំងអស់៕អត្ថបទ៖ ឈិត បូរ៉ាវី
