ភ្នំពេញ៖ ថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២៣នេះ រាជរដ្ឋាភិបាល បានអនុវត្តការដំឡើងកម្រិតថវិកាឧបត្ថម្ភសម្រាប់ស្រ្តីមានផ្ទៃពោះជាមន្រ្តីរាជការ កម្មការិនី ប្រើប្រាស់បណ្ណ ប ស ស និងស្រ្តីមានផ្ទៃពោះរស់នៅក្នុងគ្រួសារមានបណ្ណសមធម៌។
ការដំឡើងនេះគឺទទួលបានទ្វេដង ដោយរាល់ការពិនិត្យផ្ទៃពោះ រហូតដល់កូនមានអាយុ២ឆ្នាំនាំទៅទទួលការចាក់វ៉ាក់សាំងគឺទទួលបានការឧបត្ថម្ភចំនួន៨ម៉ឺនរៀលក្នុងមួយលើក។
ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ រាល់ស្រ្តីមានផ្ទៃពោះជាមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា មន្រ្តីចុះកម្មសិក្សា កម្មការិនីមានបណ្ណ ប ស ស និងស្រ្តីមានផ្ទៃពោះរស់នៅក្នុងគ្រួសារមានបណ្ណសមធម៌ ចាប់ផ្ដើមទទួលបានការដំឡើងថវិកាឧបត្ថម្ភបន្ថែមទ្វេដងពីរាជរដ្ឋាភិបាល។ ថវិកាទទួលបានគឺ ចំនួន៤ដងកំឡុងពេលពិនិត្យផ្ទៃពោះមុនពេលសម្រាល ដោយមួយដងទទួលបាន ៨ម៉ឺនរៀល។ ថវិកាពេលសម្រាលទទួលបានការឧបត្ថម្ភកើនទ្វេដង។ រីឯក្រោយពេលសម្រាល កំឡុងពេលថែទាំសុខភាពមាតា ទារកនិងការចាក់វ៉ាក់សាំង គឺទទួលបានចំនួន១០ដង ដោយមួយដងទទួលបានចំនួន ៨ម៉ឺនរៀលផងដែរ។
ក្នុងការអនុវត្តថ្ងៃដំបូងនេះ ស្រ្តីរស់នៅក្នុងគ្រួសារមានបណ្ណសមធម៌ ដែលបានជូនកូនមកទទួលការចាក់វ៉ាក់សាំង នៅមណ្ឌលសុខភាពស្ទឹងមានជ័យ បានបង្ហាញនូវការពេញចិត្តទាំងការទទួលបានសេវាថែទាំសុខភាពដោយមិនគិតថ្លៃ បូករួមទាំងថវិកាឧបត្ថម្ភបន្ថែមឡើងដល់៨ម៉ឺនរៀលផងដែរ។
ចំពោះការអនុវត្តការដំឡើងថវិកាឧបត្ថម្ភនេះ វេជ្ជបណ្ឌិត ហ៊ាង មករា ប្រធានមណ្ឌលសុខភាព ស្ទឺងមានជ័យ រួមទាំងក្រុមគ្រូពេទ្យ ក្រៅពីផ្ដល់សេវាថែទាំ ក៏បានពន្យល់ណែនាំបន្ថែមពីអត្ថប្រយោជន៍របស់រាជរដ្ឋាភិបាល ជូនដល់ស្រ្តីជាក្រុមគោលដៅផងដែរ។
ពាក់ព័ន្ធនឹងការដំឡើងកម្រិតថវិកាឧបត្ថម្ភនេះផងដែរ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានបញ្ជាក់ទៅប្រតិបត្តិករ ត្រូវបើកសាច់ប្រាក់ឱ្យគ្រប់ទៅតាមចំនួនទឹកប្រាក់ថ្មី និងបញ្ជាក់ប្រាប់ទៅអ្នកទទួលផលត្រូវប្រើប្រាស់ថវិកានោះឱ្យបានត្រឹមត្រូវ ទៅតាមគោលដៅរបស់រាជរដ្ឋាភិបាល។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថាការដំឡើងកម្រិតថវិកាឧបត្ថម្ភនេះ គឺបង្ហាញពីការប្ដេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការគិតគូដល់ស្រ្តីមានផ្ទៃពោះ កុមារតូច ស្របតាមអាទិភាពដែលកំណត់យក មនុស្ស ជាចម្បង និងគោលការណ៍ មិនបោះបង់ពលរដ្ឋណាម្នាក់នោះឡើយ៕ អត្ថបទ៖ គឹមហុក